កំពង់ឆ្នាំង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ពង្រឹងគោលការណ៍ យន្តការផ្ទៃក្នុង សម្រាប់ការប្រាស្រ័យទាក់ទងដោយការគោរព បណ្ដុះបណ្ដាលអ្នកគ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធ ព្រមទាំងរៀបចំយន្តការទទួល ដោះស្រាយបណ្ដឹង ដើម្បីបង្ការនិងដោះស្រាយបញ្ហាបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។ ថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ" នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាខាបេឡាជាតិសន្តិសុខសង្គមខេត្តកំពង់ឆ្នាំង ស្នាក់ការស្រុកកំពង់ត្រឡាច។
រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងបរិយាកាសការងារដែលមានការគោរពគ្នាទៅវិញទៅមក ការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ ដោយចៀសវាងការប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាសនៅកន្លែងធ្វើការ។ ទាំងនិយោជក អ្នកគ្រប់គ្រង បងប្អូនកម្មករនិយោជិត ត្រូវចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ បទបញ្ជាផ្ទៃក្នុងដោយស្មើភាព និងសមស្រប។ ចំពោះជនបរទេសដែលធ្វើការនៅកម្ពុជា ត្រូវបំពេញលក្ខខណ្ឌការងារស្របតាមច្បាប់ ព្រមទាំងឈ្វេងយល់ គោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
បន្ថែមពីនេះ អ្នកគ្រប់គ្រង អ្នកបកប្រែ ជាពិសេសជនបរទេស ត្រូវបានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានជាតិការងារ ដើម្បីសិក្សាឈ្វេងយល់អំពីច្បាប់ស្ដីពីការងារ ដែលក្រសួងបានបកប្រែជា ៤ភាសា រួមមាន ភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន ដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច លើកកម្ពស់វប្បធម៌អនុលោមភាព រួមចំណែកធានាសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ សំដៅសម្រេចបាន សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
ជាពិសេស រដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ ដើម្បីពង្រឹងចំណេះដឹង ជំនាញ ការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធ ដែលជាលក្ខខណ្ឌតម្រូវ សម្រាប់ការបំពេញមុខងារជាបុគ្គលិកទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធានមនុស្ស៕