ព្រះសីហនុ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ កញ្ញា បានសរសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ការពង្រីកសក្តានុពលទេសចរណ៍ និងធុរកិច្ចឥតដែនកំណត់ ដើម្បីក្លាយជាទីក្រុងសេដ្ឋកិច្ច និងទេសចរណ៍គំរូទី២ របស់កម្ពុជា។ ការប្រកាសនេះ កំឡុងពេលពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ដែលជាខេត្តគោលដៅទី៥។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោទាំងនៅកម្រិតជាតិ និងកម្រិតអាស៊ាន ដែលខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ និងជ័យលាភីជាច្រើន ក្នុងរយៈពេលកន្លងមក រួមទាំងបានអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន ចំណែកឯ សោភណភាពទីក្រុង ឆ្នេរសមុទ្រ និងទីសាធារណៈនានា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយមានការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូបដ៏លេចធ្លោ ដូចជា រូបសំណាក «ព្រះថោងតោងស្បៃនាងនាគ» រូបសំណាក «ខ្មែរធ្វើបាន» និងរូបសំណាក «នាគបាញ់ទឹក» ជាដើម ដែលពិតជាបានរួមចំណែកបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បន្ថែមថា លោករដ្ឋមន្រ្តី បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍ឆ្នេរ ទេសចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។ ទន្ទឹមនេះ ខេត្តក៏មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដ៏ប្រទាក់ក្រឡា រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍គ្រប់កម្រិត ដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដ៏រឹងមាំសម្រាប់ការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រ កម្រិតអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តព្រះសីហនុ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី ដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត សំដៅបន្តរក្សាបាននូវភាពប្រកួតប្រជែងរបស់ខ្លួនជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន៕