ភ្នំពេញ៖លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់(CMAC) នៅថ្ងៃទី២៦ មិថុនា បានបញ្ជាក់ថាគ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀតដែលអង្គភាព CMAC បោសសម្អាត និងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រាទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិ និងអន្ដរជាតិអាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។
ការលើកឡើងដូច្នោះ ក្រោយពីលោកបង្ហាញគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន ដែលបានទម្លាក់មកលើបូរណភាពទឹកដីកម្ពុជា មានសារព័ត៌មានថៃមួយចំនួន ចុះផ្សាយបង្វែរការពិត ដោយសំអាងលើតែមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនេះមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ពលរដ្ឋខ្មែរមួយចំនួនបានសាកសួរនិងស្នើសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។ លោក ហេង រតនា បានសង្ខេបខ្លឹមសាររបស់សារព័ត៌មានសៀមដែលបានលើកឡើងនិងធ្វើការបកស្រាយលើទិដ្ឋភាពចំនួន ៣ចំនុច ដូចជា៖
១. ការអធិប្បាយថា “គ្រាប់បែកទម្លាក់ពីយន្ដហោះរបស់ពួកគេ សុទ្ធតែបានផ្ទុះទាំងអស់” លោកយល់ថាការអធិប្បាយនេះ ជាសក្ខីកម្មថ្មីមួយទៀតដែលទាហានសៀមសារភាពទទួលស្គាល់ថាបានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្ដហោះក្នុងការរំលោភឈ្លានពានបូរណភាពទឹកដីកម្ពុជាពិតប្រាកដមែន។ ដោយឡែក ចំពោះកម្រិតនៃការផ្ទុះគ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌដទៃទៀត សុទ្ធតែមានកម្រិតអត្រាមិនផ្ទុះ (Failing rate)។ កាលើកឡើងនេះ មិនខុសគ្នាពីអ្វីដែលមន្រ្តីជំនាញសៀមធ្លាប់បានលើកឡើងកន្លងមកពាក់ព័ន្ធការផ្ទុះសំណល់គ្រាប់បែកចង្កោមសៀមស្លាប់កុមារកម្ពុជា ក៏ពួកគេបានអះអាងដូចគ្នាដែរថា គ្រាប់បែកចង្កោមសៀមបានបាញ់មកលើបូរណភាពទឹកដីកម្ពុជាសុទ្ធតែផ្ទុះទាំងអស់អញ្ចឹងដែរ ប៉ុន្តែធាតុពិត សំណល់គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលជាបន្តបន្ទាប់ ហើយអង្គភាពCMACនៅតែបន្តរកឃើញជាហូរហែ។ លោកយល់ថា អ្វីដែលសៀមបានលើកឡើងនេះ ជាការបង្ហាញនូវមោទនភាព និងអំនួតអំពីឧត្តមភាពសម្ភាៈសឹក ព្រមទាំងគេចវេសពីការទទួលខុសត្រូវ ដោយភូតកុហកប្រជាជនសៀម និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។
២. ការលើកឡើងថា “គ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទ MK-84នោះ គឺជាសំណល់គ្រាប់ទម្លាក់ពីយន្ដហោះរបស់សហរដ្ឋអាម៉េរិកក្នុងសង្គ្រាមនៅកម្ពុជានាទសវត្សរ៍១៩៦០-៧០នោះ គឺជាការបម្លែងការពិតតែប៉ុណ្ណោះ និងជាការទម្លាក់កំហុសព្រមទាំងមួលបង្កាច់លើភស្តុតាងពិតប្រាកដនេះ។ លោកបញ្ជាក់ថា រាល់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌទាំងអស់សុទ្ធតែមានការកំណត់អត្តសញ្ញាណច្បាស់លាស់ដូចជា លេខកូដ ថ្ងៃខែឆ្នាំនិងក្រុមហ៊ុន ព្រមទាំងប្រទេសផលិត ដែលនេះជាបទដ្ឋានអន្ដរជាតិ។ ជាក់ស្ដែងគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84 ដែលបានបង្ហាញក្នុងរូបភាពទាំង២គ្រាប់នេះមានលេខកូដ៖ 30003-923AS105 លេខឡូតិ៍គ្រាប់៖ IMI96G015-011 ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអ៊ីស្រាអ៊ែល នៅឆ្នាំ១៩៩៦។ ផ្អែកលើមូលដ្ឋាននេះសួរថា តើគ្រាប់បែកដែលផលិតក្នុងឆ្នាំ១៩៩៦ អាចយកទៅប្រើប្រាស់ក្នុងសង្គ្រាមសហរដ្ឋអាម៉េរិកនៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ បានដែរឬ?
៣. ដោយឡែកចំពោះការលើកឡើងថា “គ្រាប់បែកMK-84នេះ មិនអាចផ្ទៀងផ្ទាត់បាន ដោយសារគ្មានប្រភពត័ត៌មានច្បាស់លាស់ឡើយ”ត្រង់ចំនុចនេះ តាមធម្មតាការផ្ទៀតផ្ទាត់អាចដំណើរការបាន ដោយការត្រួតពិនិត្យភស្តុតាងជាក់ស្តែងដូចជា គ្រឿងបង្គំគ្រាប់បែក ទីតាំងរណ្តៅគ្រាប់ សាក្សី និងទិន្នន័យការហោះហើរទម្លាក់គ្រាប់បែកជាដើម។ ជាក់ស្តែង រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានផ្ដល់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកទម្លាក់ពីយន្តហោះជាកិច្ចការមនុស្សធម៌ ក៏ដូចជាបង្ហាញនូវស្មារតីការទទួលខុសត្រូវខាងសីលធម៌ផងដែរ។ អង្គភាព CMAC ក៏បានប្រើប្រាស់ទិន្នន័យនោះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។លោក ហេង រតនា បញ្ជាក់បន្ថែមជាថ្មីថា ទីតាំងគ្រាប់បែករបស់ទាហានសៀមដែលអង្គភាព CMAC បានរកឃើញ គឺគ្មាននៅក្នុងទិន្នន័យការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិកនោះទេ។
លោក ហេង រតនា បានបញ្ជាក់ថា៖«សរុបរួមគ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀតដែលអង្គភាព CMAC បោសសម្អាត និងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រាទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិ និងអន្ដរជាតិអាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។ ចំណែកខ្លះនៃតឹងតាងទាំងនេះ ត្រូវថែរក្សាទុកជាមរតកប្រវត្តិសាស្ត្រដើម្បីរំលឹកចងចាំនូវទុកសោកនាដកម្មសង្គ្រាម និងការផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ៕