សៀមរាប៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ជាការងារអាទិភាពដ៏សំខាន់ ដែលតម្រូវឱ្យក្រសួងទេសចរណ៍ មានការគិតគូរខ្ពស់ទាំង គុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព ដើម្បីជំរុញ និងអាចធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ផ្តល់ភាពកក់ក្តៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ការជំរុញនេះ តាមរយៈកម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្ម សម្រាប់ខេត្តគោល ដៅ របស់កម្មវិធីអភិវឌ្ឍន៍ជំនាញ។
កម្មវិធីហាត់ការវិជ្ជាជីវៈតាមមូលដ្ឋានអាជីវកម្មនេះ មានគោលបំណងសំខាន់គឺ នាំគ្រូបង្គោល និងអ្នកបណ្តុះបណ្តាលតាមបណ្តាខេត្តគោលដៅគម្រោង ទៅទទួលបទពិសោធន៍ការងារជាក់ស្តែងនៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋានស្តង់ដា ដើម្បីពង្រឹងជំនាញ និងធ្វើឱ្យការបណ្តុះបណ្តាលហូកា មានភាពជាក់ស្តែង និងស្របតាមតម្រូវការឧស្សាហកម្ម។
ថ្លែងក្នុងពិធី លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះរដ្ឋបាលខេត្តសៀមរាប, គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍, ភាគីពាក់ព័ន្ធ ព្រមទាំងតំណាងម្ចាស់មូលដ្ឋានអាជីវកម្មទាំង ១៨ទីតាំង ដែលបានសហការយ៉ាងល្អក្នុងការរៀបចំ និងបានបន្តជាដៃគូដ៏សំខាន់របស់ក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សស្របតាមស្តង់ដាអាស៊ាន។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា បទពិសោធន៍ និងការចែករំលែករបស់លោក លោកស្រីវាគ្មិនទាំងអស់ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់នៃការរៀនសូត្រ ដោយត្រូវផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងនៅហ្នឹងកន្លែង និង សារៈសំខាន់ នៃកិច្ចសហការរវាងស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន ក្នុងការពង្រឹងសមត្ថភាពគ្រូបង្គោល និងអ្នកជំនាញទេសចរណ៍។ ក្នុងន័យនេះ តាមរយៈការហាត់ការផ្ទាល់នេះសិក្ខាកាមបានទទួលការបង្ហាត់បង្ហាញ ការណែនាំ និងការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារ កិច្ច ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង ជំនាញបច្ចេកទេស និងឥរិយាបថ វិជ្ជាជីវៈស្របតាមស្តង់ដាឧស្សាហកម្មទេសចរណ៍៕