Swift cc time

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ទុក«គ្រូពេទ្យ»ជាសមរភូមិក្រោយជាខែលការពារសុខភាពដ៏រឹងមាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងចាត់ទុកក្រុមគ្រូពេទ្យ ដែលជាសមរភូមិក្រោយ គឺជាខែលការពារសុខភាពដ៏រឹងមាំ នៅឈរប្រកៀកស្មាជាមួយរបស់បងប្អូនកងទ័ពជានិច្ច ដើម្បីគាំទ្រផ្នែកសុខភាព សម្ភារបរិក្ខារពេទ្យ ឱសថ និងសេវាសង្គ្រោះបន្ទាន់។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោក រួមជាមួយអង្គភាពនៃក្រសួងសុខាភិបាល បានចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូន នាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា នៅពីក្រោយបងប្អូនវីរកងទ័ព មានរាជរដ្ឋាភិបាល មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែឈរនៅជាមួយបងប្អូន យកចិត្តទុកដាក់សុខទុក្ខ និងចងចាំចំពោះការលះបង់របស់យុទ្ធជនដែលបានបំពេញភារកិច្ចការពារជាតិ។ 

លោកថា ក្រុមគ្រូពេទ្យ ដែលជាសមរភូមិក្រោយ គឺជាខែលការពារសុខភាពដ៏រឹងមាំ នៅឈរប្រកៀកស្មាជាមួយរបស់បងប្អូនកងទ័ពជានិច្ច ដើម្បីគាំទ្រផ្នែកសុខភាព សម្ភារបរិក្ខារពេទ្យ ឱសថ និងសេវាសង្គ្រោះបន្ទាន់ ដែលតែងតែថែទាំសុខភាពបងប្អូនវីរកងទ័ពយើងនៅគ្រប់កាលៈទេសៈ។ មហាសាមគ្គីនេះ គឺជាកម្លាំងដ៏ធំធេងរបស់ជាតិយើង។ យើងប្ដេជ្ញារួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឱ្យកម្ពុជារឹងមាំ សុខសាន្ត និងមានអនាគតដ៏រុងរឿងសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

លោក បានណែនាំដល់វីរកងទ័ព​ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារសុខភាព និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃ មុនពេលបរិភោគអាហារ រក្សាទុកដាក់និងទទួលទានចំណីអាហារ មានសុត្ថិភាពល្អ បន្ទោរបង់ក្នុងបង្គន់អនាម័យ ជាពិសេសបរិភោគអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង។ ក្នុងករណីមានជំងឺ ឬបញ្ហាសុខភាពត្រូវប្រញាប់ទៅមូលដ្ឋានសុខាភិបាលដែលជិតបំផុត ដើម្បីទទួលការពិនិត្យព្យាបាលទាន់ពេលវេលា៕

Khcct banner

អត្ថបទទាក់ទង