Swift cc time

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ជា ឆ្នាំ២០២ បានរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចែកចាយព័ត៌មានដោយខ្វះការទទួលខុសត្រូវ។

កម្មវិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិមកពីបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ-ឡានឆាង» នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ។

ថ្លែងក្នុងវេទិកា លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ នវានុវត្តន៍ ការអប់រំ ការចូលរួមរបស់សាធារណជន ការចែករំលែកចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនេះ បច្ចេកវិទ្យាក៏បានបង្កផលប៉ះពាល់ថ្មីៗផងដែរ។ ជាពិសេស ព័ត៌មានមិនពិត ឬព័ត៌មានបំភាន់អាចរីករាលដាលឆ្លងដែន ដោយប្រើភាសាខុសៗគ្នា និងបណ្តាញផ្សេងៗ ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ រូបភាព វីដេអូ និងសំឡេងក្លែងបន្លំ អាចត្រូវបានផ្ញើទៅកាន់មនុស្សរាប់លាននាក់ មុនពេលវាត្រូវបានផ្ទៀងផ្ទាត់។

លោកបន្ថែមថា អ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តសាធារណៈ។ ការផ្ទៀងផ្ទាត់ប្រភព ការផ្ទៀងផ្ទាត់ការពិត ភាពត្រឹមត្រូវ បរិបទ ក្រមសីលធម៌វិជ្ជាជីវៈ និងការកែតម្រូវទាន់ពេលវេលា នៅតែជាគោលការណ៍គ្រឹះនៃសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ។ ដូច្នេះត្រូវ«ផ្ទៀងផ្ទាត់មុននឹងផ្សាយ ផ្ទៀងផ្ទាត់មុននឹងចែករំលែក»។

វេទិកាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចែកចាយព័ត៌មានដោយខ្វះការទទួលខុសត្រូវ។ វេទិកានេះក៏នឹងផ្តោតសំខាន់លើការចែករំលែកបទពិសោធល្អៗលើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking) ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ការឆ្លើយតបចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានអំឡុងពេលវិបត្តិ ព្រមទាំងពង្រឹងកិច្ចសហ ប្រតិបត្តិការតំបន់ក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានមិនពិតឆ្លងដែន ស្របតាមទិសស្លោក “ផ្ទៀងផ្ទាត់ មុនចែករំលែក (Verify Before You Share)» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន (Together for Information Integrity)»។

ទន្ទឹមនឹងវេទិកាពិភាក្សា ក៏មានការរៀបចំពិធីប្រគល់ពានរង្វាន់ «ជ័យលាភីអ្នកសារព័ត៌មាន និងអ្នកផលិត មាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ (Zero Fake News Media and Content Creator Awards)» ជូន ដល់ម្ចាស់ជ័យលាភី ចំនួន ៥រូប ដែលបានចូលរួមផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ និងមានឥទ្ធិពលវិជ្ជមានដល់សង្គម៕


Khcct banner

អត្ថបទទាក់ទង