ភ្នំពេញ៖ អង្គការមូលនិធិកុមារកម្ពុជា(CCF) នាព្រឹកថ្ងៃទី១៨ កញ្ញា ២០២៦នេះ បានប្រកាសពីការបាត់បង់ លោកយាយ ផាត់ ម៉ន ដែលត្រូវបានគេស្គាល់ថាជាលោកយាយដែលមានអាយុច្រើនជាងគេបង្អស់នៅក្នុងសហគមន៍ CCF ។ លោកយាយដែលគ្រប់គ្នាស្គាល់ថា «យាយ ម៉ៅ» បានទទួលមរណភាពក្នុងជន្មាយុ ១០៦ ឆ្នាំ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ និងមេរៀនជីវិតដ៏មានតម្លៃដល់មនុស្សជំនាន់ក្រោយ។ គួររម្លឹកថា កាលពី៣ឆ្នាំមុន លោកយាយ ផាត់ ម៉ន ធ្លាប់បានផ្តល់បទសម្ភាសជាមួយស៊ីស៊ីថាមស៍ ពីការតស៊ូឆ្លងកាត់ភាពជូរចត់ក្នុងជីវិត ដើម្បីមិនឱ្យកូនពិបាក។
យោងតាមគេហទំព័ររបស់ អង្គការមូលនិធិកុមារកម្ពុជា(CCF) បានឱ្យដឹងថា លោកយាយ ផាត់ ម៉ន ជាមនុស្សដែលមានស្មារតីរឹងមាំ ពោរពេញដោយភាពក្លៀវក្លា កំប្លុកកំប្លែង ដែលបានក្លាយជាប្រភពកម្លាំងចិត្ត និងការបំផុសគំនិតយ៉ាងខ្លាំងដល់មនុស្សជុំវិញខ្លួន។ ជីវិតរបស់លោកយាយពោរពេញដោយភាពលំបាក និងការតស៊ូឥតឈប់ឈរ ដោយបានឆ្លងកាត់និងរួចរស់ជីវិតពីរបបខ្មែរក្រហម ទោះបីជាត្រូវបាត់បង់ស្វាមី និងកូនចំនួន ៦ នាក់ ក្នុងចំណោមកូនទាំង ១០ នាក់ក៏ដោយ។ លុះឈានចូលវ័យជាង ៨០ ឆ្នាំ ដោយសារតែភាពក្រីក្រត្បិតត្បៀត លោកយាយត្រូវបង្ខំចិត្តដើររើសអេតចាយ និងដបជ័រនៅជុំវិញគំនរសំរាមស្ទឹងមានជ័យ ដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ក្រោយមក ជីវិតរបស់លោកយាយ បានប្រែប្រួលជាវិជ្ជមានបន្ទាប់ពីបានចូលរួមជាមួយអង្គការ CCF ជាទីកន្លែងដែលគាត់ទទួលបានការគាំទ្រ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីសហគមន៍។ នៅក្នុងវ័យជរា លោកយាយបានចាប់ផ្តើមដំណើរផ្សងព្រេងថ្មីៗជាច្រើន រួមទាំងការចូលរៀនអានអក្សរ រៀនហែលទឹកនៅអាយុ ៩៦ ឆ្នាំ ព្រមទាំងការចូលរួមដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរសមុទ្រ និងទស្សនាប្រាសាទអង្គរវត្ត។ ក្នុងឆ្នាំចុងក្រោយនៃជីវិត យាយ ម៉ៅ នៅតែរក្សាបាននូវភាពស្រស់ស្រាយ និងការចង់ដឹងចង់ឃើញដដែល។
កាលនៅមានជីវិត យាយ ម៉ៅ ធ្លាប់បានមានប្រសាសន៍បង្ហាញពីការដឹងគុណថា៖ «CCF មានន័យធំធេងណាស់សម្រាប់ខ្ញុំ ច្រើនរហូតមិនអាចរៀបរាប់ជាពាក្យពេចន៍បានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីពាក្យថា អរគុណ នោះទេ»។ អង្គការ CCF បានគូសបញ្ជាក់ថា យាយ ម៉ៅ បានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យមួយ ដោយលោកយាយបានរំលឹកមនុស្សគ្រប់គ្នាថា វាមិនដែលយឺតពេលនោះឡើយក្នុងការរៀនអ្វីថ្មីៗ សាកល្បងធ្វើអ្វីដែលប្លែក ឬគ្រាន់តែរីករាយជាមួយជីវិតឱ្យអស់ពីលទ្ធភាព៕