Swift cc time

រួមគ្នាដើម្បីពង្រឹងសុវត្ថិភាពនៃឧបករណ៍ឧស្សាហកម្ម មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករប្រកបដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

នៅថ្ងៃទី១៥ ខែកញ្ញា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជំរុញការងារត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងការបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករប្រតិបត្តិការឧបករណ៍មានហានិភ័យខ្ពស់ យ៉ាងមហោឡារិកនៅសាលរបស់មជ្ឈមណ្ឌល។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មតាមបណ្តាខេត្ត តំណាងសមាគមពាណិជ្ជកម្ម ថ្នាក់ដឹកនាំនៃសួនឧស្សាហកម្ម និងតំណាងសហគ្រាសសរុបជាង ៣០០នាក់។

កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការជាមួយនឹងបទភ្លេងជាតិព្រះរាជាណាចក្រកម្ពុជា និងបទភ្លេងជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក He Jingwei ទីប្រឹក្សានៃមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ តំណាងឱ្យមជ្ឈមណ្ឌល បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់។ លោកបានណែនាំអំពីបេសកកម្មត្រួតពិនិត្យឧបករណ៍ដែលមានហានិភ័យខ្ពស់ដោយផ្តោតលើការងារខ្សែសង្វាក់ទាំងមូល រាប់ចាប់ពីការវាយតម្លៃ ការអនុញ្ញាតផលិត ការត្រួតពិនិត្យតាមដាន ការដំឡើង កែច្នៃ និងជួសជុល រហូតដល់ការត្រួតពិនិត្យតាមកាលកំណត់។ លោកក៏បានគូសបញ្ជាក់ពីចំណុចខ្លាំងដ៏លេចធ្លោរបស់មជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាល និងការប្រឡងវាយតម្លៃប្រតិបត្តិករ រួមមាន៖ ក្រុមគ្រូបង្រៀនដែលមានជំនាញខ្ពស់ ទីតាំងហ្វឹកហាត់លើឧបករណ៍ពិតជាក់ស្តែង និងទីតាំងបណ្តុះបណ្តាលសមស្របតាមបទដ្ឋានបច្ចេកទេស ដែលអាចធានាបាននូវគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានពន្យល់អំពីអនុស្សរណៈនៃការយោគយល់រវាងក្រសួង និងមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ ក៏ដូចជាការប្រគល់សិទ្ធិផ្លូវការ។ ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ថា គ្រប់អង្គភាពប្រើប្រាស់ឧបករណ៍ដែលមានហានិភ័យខ្ពស់ ត្រូវតែយកចិត្តទុកដាក់លើការងារត្រួតពិនិត្យ ហើយលក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីប្រើប្រាស់ឧបករណ៍ទាំងនោះ គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យជាប់ជាស្ថាពរ។

ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យគ្រប់សហគ្រាសចូលរួមសហការយ៉ាងសកម្មជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ដើម្បីរក្សាការពារខ្សែបន្ទាត់សុវត្ថិភាពសង្វាក់ផលិតកម្ម។

លោក ចុង ប៊ូ ប្រធាននាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម បានបកស្រាយអំពី "ច្បាប់ស្តីពីការគ្រប់គ្រងឧស្សាហកម្ម" និងប្រកាសពាក់ព័ន្ធនឹងការត្រួតពិនិត្យឧបករណ៍ដែលមានហានិភ័យខ្ពស់ ព្រមទាំងបានណែនាំអំពីស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងសុវត្ថិភាព។ លោកបានពន្យល់លម្អិតអំពីប្រភេទឧបករណ៍ បទដ្ឋានប្រតិបត្តិការ ការថែទាំប្រចាំថ្ងៃ និងនីតិវិធីស្នើសុំ "វិញ្ញាបនបត្រសុវត្ថិភាពនិងការអនុវត្តបច្ចេកទេស" ដោយបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលត្រួតពិនិត្យពីមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ គឺជាជំហានគន្លឹះដើម្បីទទួលបានវិញ្ញាបនបត្រនេះ។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ តំណាងមជ្ឈមណ្ឌលបានបង្ហាញយ៉ាងលម្អិតអំពីដំណើរការទាំងមូលនៃការត្រួតពិនិត្យ និងការបណ្តុះបណ្តាលប្រតិបត្តិករ។ ជាមួយគ្នានេះផងដែរ ក៏មានការចាក់ផ្សាយករណីគ្រោះថ្នាក់ជាក់ស្តែង ដើម្បីដាស់តឿន និងអប់រំអំពីសុវត្ថិភាព ព្រមទាំងការបង្ហាញពីបច្ចេកវិទ្យា និងវិធីសាស្ត្រត្រួតពិនិត្យស្វែងរកហានិភ័យបង្កប់ ឱ្យអ្នកចូលរួមបានយល់ឃើញកាន់តែច្បាស់។

ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត ទឹង ស៊ីនី បានអញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានប្រឡងជាប់ការវាយតម្លៃ និងបានថ្លែងសុន្ទរកថាបិទសិក្ខាសាលាដោយលើកទឹកចិត្តឱ្យគ្រប់សហគ្រាសអនុវត្តកាតព្វកិច្ចសុវត្ថិភាព ដោយយកចិត្តទុកដាក់លើការត្រួតពិនិត្យឧបករណ៍ និងប្រកបការងារមានអាជ្ញាប័ណ្ណឬវិញ្ញាបនបត្រត្រឹមត្រូវ ដើម្បីលើកកម្ពស់កម្រិតគ្រប់គ្រងសុវត្ថិភាពឧស្សាហកម្មនៅកម្ពុជាជាបន្តមួយកម្រិតទៀត។

តំណាងរាជរដ្ឋាភិបាល និងសហគ្រាសដែលបានចូលរួម បានសម្តែងការគាំទ្រយ៉ាងខ្លាំង និងបានប្តេជ្ញាពាំនាំយកស្មារតីនៃសិក្ខាសាលាផ្សព្វផ្សាយនេះទៅតាមរោងចក្រ និងតំបន់ឧស្សាហកម្មរៀងៗខ្លួន ដើម្បីចូលរួមសហការយ៉ាងសកម្មជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ ក្នុងការអនុវត្តការងារត្រួតពិនិត្យលើឧបករណ៍ដែលមានហានិភ័យខ្ពស់ និងរុញច្រានការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យមានសុវត្ថិភាព និងប្រកបដោយគុណភាព។


Khcct banner

អត្ថបទទាក់ទង