Img 1426
Swift cc time

មន្ត្រីជាន់ខ្ពស់រដ្ឋសភា ជំរុញឱ្យយុវជនប្រឹង បង្កើន«ចំណេះដឹង និង គំនិតច្នៃប្រឌិត»ជាប្រចាំ ដើរឱ្យទាន់ការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា គឺលោកស្រី ឡោក ខេង បានថ្លែងជំរុញឱ្យយុវជនខ្មែរជំនាន់ក្រោយ គឺត្រូវដាក់គោលដៅខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង និង មានគំនិតច្នៃប្រតិដ្ឋជាប្រចាំ ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និង សម័យ AI។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីចែករំលែកបទពិសោធន៍ជូននិស្សិត ៣,០០០នាក់ លើប្រធានបទ“តួនាទីរបស់គណៈកម្មការទី៨ និងក្រុម សភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី”ដែលរៀបចំឡើងនៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ។

ក្នុងកម្មវិធីនោះ លោកស្រី ឡោក ខេង បានថ្លែងចែករំលែកពីមុខងារស្នូលទាំង៣ របស់គណៈកម្មការរបស់លោកស្រី គឺមុខងារនីតិកម្ម មុខងារតាមដានត្រួត ពិនិត្យការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងបានរំលេចអំពីតួនាទីរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ក្នុងការគាំទ្រ និងផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងការកាន់តំណែងដឹកនាំកាន់តែច្រើនឡើង ក្រោមគោលការណ៍ «មិនទុកនរណា ម្នាក់ឱ្យនៅឯកា»។

ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា លោកស្រី ឡោក ខេង បានចែករំលែកមេរៀនជីវិត និង សារក្រើនរំលឹកសំខាន់ៗ ជូនដល់អង្គពិធី ទាំងមូល ដោយបានជំរុញឱ្យយុវជនត្រូវបន្តខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងមានគំនិតច្នៃប្រតិដ្ឋជាប្រចាំ ដើម្បីដើរ ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងសម័យ AI។ សម្រាប់លោកស្រី យុវជនត្រូវរក្សាខ្ជាប់នូវគុណធម៌ សីលធម៌ វិន័យ ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ និងហ៊ានផ្លាស់ប្តូរក្នុងន័យវិជ្ជមាន ព្រមទាំងត្រូវលះបង់ការសប្បាយភ្លើតភ្លើន ការសេពគ្រឿងស្រវឹង និងគ្រឿង ញៀន ដើម្បីរួមគ្នាបម្រើជាតិឱ្យសមជាទំពាំងស្នងឫស្សី។ 

បន្ថែមពីនេះ លោកស្រីប្រធាន សង្កត់ធ្ងន់លើបញ្ហាសុខភាពសាធារណៈ ដោយលើកឡើងថា «សុខភាព គឺជាកូនសោគន្លឹះនៃការកាត់បន្ថយភាពក្រីក្រ» ព្រមទាំងបានអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការសេព ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្ពស់ ហើយងាកមកថែរក្សាសុខភាព ដោយកាត់បន្ថយការបរិភោគ ខ្លាញ់ អំបិល និងស្ករ ដើម្បីធ្វើជាបង្គោលទ្រទ្រង់គ្រួសារ និង សង្គមជាតិ។

គួរបញ្ជាក់ថា កម្មវិធីចែករំលែកបទពិសោធន៍នេះ ត្រូវបានរៀបចំឡើងដោយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមប្រធានបទ“តួនាទីរបស់គណៈកម្មការទី៨ និងក្រុម សភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី”។កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ១,៥០០នាក់ ភាគច្រើនគឺជានិស្សិត។

យោងតាមលោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យា- ល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ-អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស-ចិន១០០% និងមាន ១៣មហាវិទ្យា- ល័យ (៤៥ជំនាញ)។ 

សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតនៅរៀង រាល់ឆមាសនៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជា វាគ្មិនកិត្តិ- យស មកចែករំលែកបទពិសោធន៍ជូនដល់និស្សិត ឱ្យមានឱកាសបានរៀនសូត្របន្ថែម បង្កើនចំណេះដឹង ពង្រឹងជំនាញ សមត្ថភាព វិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”៕


Khcct banner

អត្ថបទទាក់ទង