ភ្នំពេញ៖ កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក និងតំបន់អាស៊ីអាគ្នេហ៍ លើ«និរន្តរភាពដីធ្លី និងធនធានធម្មជាតិ» វាយតម្លៃពីប្រសិទ្ធភាពដែលប្រទេសនីមួយៗគ្រប់គ្រង អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ នេះបើតាមការវាយតម្លៃរបស់ U.S. News Best Countries។
បើតាមការវាយតម្លៃបានបញ្ជាក់ថា ក្នុងចំណាត់ថ្នាក់ទូទាំងពិភពលោក ប្រទេសកម្ពុជាបានចំណាត់ថ្នាក់លេខ១។ ចំពោះចំណាត់ថ្នាក់សម្រាប់តំបន់អាស៊ីអាគ្នេហ៍ ប្រទេសកម្ពុជាបានចំណាត់ថ្នាក់លេខ១ ប្រទេសឡាវ លេខ៦, មីយ៉ាន់ម៉ា លេខ១៦, ថៃ លេខ៤៥, ម៉ាឡេស៊ី លេខ៤៦, ហ្វីលីពីន លេខ ៧១, វៀតណាម លេខ៧២, ឥណ្ឌូនេស៊ី លេខ៧៤ និងសិង្ហបុរី លេខ៩១។
ការវាយតម្លៃនេះផ្អែកលើសូចនាករសំខាន់ៗជាច្រើន រួមមាន៖ ការបញ្ចេញឧស្ម័នកាបូន អត្រាបាត់បង់ព្រៃឈើ ផ្ទៃដីតំបន់ការពារ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងកម្រិតសម្ពាធលើធនធានទឹក។ ពិន្ទុនេះជាផ្នែកមួយនៃការវាយតម្លៃលើ បរិស្ថានធម្មជាតិ (Natural Environment) ហើយក៏រួមចំណែកក្នុងការកំណត់ចំណាត់ថ្នាក់សរុបរបស់ U.S. News Best Countries៕