Img 1426
Swift cc time

«លោកអ្នកឧកញ៉ា លាង ឃុន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់អបអរទិវាឯករាជ្យជាតិលើកទី៧៨ នៃរដ្ឋអ៊ីស្រាអែល»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់អបអរទិវាឯករាជ្យជាតិលើកទី៧៨ នៃរដ្ឋអ៊ីស្រាអែល ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងលោកស្រីបណ្ឌិត អាឡូណា ហ្វីសស៊ើរកាំម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋ អ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។

ពិធីជួបជុំអាហារពេលថ្ងៃត្រង់នេះត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាលក្នុងស្មារតីមិត្តភាពអន្តរជាតិ និងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នធុរកិច្ចរបស់ប្រទេសទាំងពីរសំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អ៊ីស្រាអែល ក្នុងការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងបច្ចេកវិទ្យារួមគ្នា។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ មានប្រសាសន៍ថា ចាប់តាំងពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៣ មកប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងដោយឈរលើការគោរពគ្នា ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ អ៊ីស្រាអែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត ដោយបានបំប្លែងបញ្ហាប្រឈមទៅជាជោគជ័យ និងក្លាយជាគំរូដ៏លេចធ្លោលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាទំនើប កសិកម្មទំនើប និងឧត្តមភាពផ្នែកវិទ្យាសាស្ត្រ។

លោកក៏បានរំលឹកពីការសម្ពោធស្ថានកុងស៊ុលកិត្តិយសរបស់អ៊ីស្រាអែលប្រចាំកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ស្ថានកុងស៊ុលកិត្តិយសនេះដើរតួនាទីជាស្ពានដ៏មានតម្លៃក្នុងការជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រជាជន វិស័យឯកជន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងសម្របសម្រួលឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនានា។

ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតបានលើកឡើងថា អ៊ីស្រាអែល និងកម្ពុជាមានតម្លៃរួមគ្នាដ៏សំខាន់ជាច្រើន ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំ នវានុវត្តន៍ និងភាពធន់ក្នុងការជម្នះសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ដើម្បីកសាងប្រទេសជាតិឱ្យទទួលបានភាពជោគជ័យ ខណៈដែលទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរបានកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២៥ លើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងយុវជន៕


Khcct banner

អត្ថបទទាក់ទង