វៀតណាម៖ អាជ្ញាធរវៀតណាមក្នុងខេត្ត Hung Yen បានអនុវត្តវិធានការបង្ខំឱ្យក្រុមប្រជាកសិករចាកចេញពីដីធ្លីកាលពីព្រឹកថ្ងៃសុក្រនេះដោយពលរដ្ឋណាដែលមិនព្រមលក់ដី និងត្រូវអនុវត្តការបង្ខំរឹបអូស ដើម្បីបើកផ្លូវពន្លឿនការសាងសង់រមណីយដ្ឋាន និងទីលានវាយកូនហ្គោលលំដាប់អភិជនតម្លៃ ១,៥ ពាន់លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុន Trump Organisation ដែលលាតសន្ធឹងលើផ្ទៃដី ៩០០ ហិកតា ក្រោយពីគម្រោងនេះកំពុងមានភាពយឺតយ៉ាវជាងកាលវិភាគ ដែលបានកំណត់សាងសង់។ គម្រោងនេះត្រូវបានគេស្គាល់ថា ជាផែនការសម្រាប់រៀបចំទទួលលោកត្រាំក្នុងកិច្ចប្រជុំកំពូល APEC នៅចុងឆ្នាំ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ និងត្រូវទទួលស្វាគមន៍ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំជាពិសេស។
យោងតាមការចេញផ្សាយរបស់កាសែត The Star តំណាងអ្នកអភិវឌ្ឍន៍គម្រោងបានបញ្ជាក់ថា ការឈូសឆាយដីសម្រេចបានជាង ៨០ ភាគរយហើយ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញគម្រោងសហប្រតិបត្តិការដ៏ធំរវាងក្រុមហ៊ុន Kinh Bac City និង Trump Organisation មួយនេះឱ្យចេញជារូបរាងស្របតាមកិច្ចព្រមព្រៀងសេដ្ឋកិច្ច។
គម្រោងនេះបានបង្កឱ្យមានវិវាទដីធ្លីអូសបន្លាយជាច្រើនខែ ដោយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋវៀតណាមរាប់សិបគ្រួសារដែលបដិសេធគម្រោងនេះ និងមិនទទួលយកតម្លៃសំណងទាបប្រមាណ ៣២០,០០០ ដុង (១២ ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ លើដីចំការដែលជាប្រភពចំណូលចិញ្ចឹមជីវិតរបស់ពួកគេ។
អ្នកស្រី Khanh Huyen ជាកសិករវ័យ ៤៦ ឆ្នាំ គឺជាម្នាក់ក្នុងចំណោមអ្នកដែលដីរបស់ពួកគេកំពុងត្រូវបានរឹបអូស។ លោកស្រីថាគ្រួសាររបស់គាត់កំពុងបាត់បង់ដីទំហំ ៥៤០ ម៉ែត្រការ៉េដែលដាំដោយដើមឈើហូបផ្លែដែលរកចំណូលបានរហូតដល់ ១០០ លានដុង (៤,៩០០ ដុល្លារសិង្ហបុរី) ក្នុងមួយឆ្នាំ អ្នកស្រី Huyen បានប្រាប់ Bloomberg News កាលពីដើមខែមិថុនាថា ប្រាក់ចំណូលនោះប្រហែលជាមិនបានធ្វើឱ្យលោកស្រីមានទ្រព្យសម្បត្តិភ្លាមៗទេ ប៉ុន្តែនៅតែអនុញ្ញាតឱ្យគ្រួសារលោកស្រីមានផ្ទះសម្បែងស្រួល មានម៉ូតូ រថយន្តផ្ទាល់ខ្លួន និងផ្តល់ឱ្យកូនៗរបស់លោកស្រីនូវការអប់រំល្អ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ គឺជាកិច្ចសហការរវាងក្រុមហ៊ុនវៀតណាម Hung Yen Hospitality Services JSC និងក្រុមហ៊ុន The Trump Organisation ដែលត្រូវបានប្រកាសឡើងកាលពីខែឧសភាឆ្នាំមុន ក្នុងគោលបំណងរឹតចំណងសេដ្ឋកិច្ចរវាងវៀតណាម និងអាម៉េរិក៕