ភ្នំពេញ៖ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៤ មិថុនា បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS បង្ហាញយ៉ាងច្បាស់លាស់ Online Scams ជាបញ្ហាសកល មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ និងបានបើកចំហអំពីយុទ្ធនាការយ៉ាងសកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា៖ «ជាការពិតណាស់ ការរាតត្បាត និងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។ ក្នុងនោះ ជនបរទេសជាច្រើនសញ្ជាតិ ត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងឧក្រិដ្ឋជន ដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្តសកម្មភាពឆបោកទៅក្រៅប្រទេសវិញ»។
លោកបានបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS ថា កម្ពុជាបានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាលិខិតុបករណ៍គតិយុត្តដ៏មានសារៈសំខាន់ និងជាបុរេជំហានឈានមុខមួយ ដែលសូម្បីតែប្រទេសមួយចំនួននៅក្នុងតំបន់ និងលើសកលលោកក៏មិនទាន់មាននៅឡើយ។ ច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះបទល្មើសឆបោកទាំងឡាយណា ដែលត្រូវបានប្រព្រឹត្តឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសទាំងឡាយ ដែលពាក់ព័ន្ធនឹងការវិវឌ្ឍនៃល្បិចកល យុទ្ធសាស្ត្របំភាន់ និងការចាត់តាំងជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅធានាការពារសន្តិសុខឌីជីថល សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសឱ្យបានពេញលេញ។
ជាលទ្ធផល ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ។
លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីកម្ពុជា បាននិងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី៕