ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ១នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងរយៈពេលដូចគ្នានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់សរុប ២.០០៥នាក់ ស្រី៣២០នាក់ មាន៣២សញ្ជាតិ ក្នុងនោះ ពាក់ព័ន្ធនឹង Online Scams មាន៥៧៤នាក់ ស្រី១១នាក់ ស្មើនឹង១១សញ្ជាតិ។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន ដោយបណ្ដេញចេញតាមជើងយន្តហោះពិសេសចំនួន៣លើក សរុប៤៧៣នាក់ ស្រី២០នាក់ ក្នុងនោះ ពាក់ព័ន្ធនឹង Online Scams ២២៨នាក់។
ក្នុងខែសីហាដដែលនោះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅ ៣.៦៥៧ទីតាំង មានមនុស្សសរុប១៧.៨៣៤នាក់ និងចុះត្រួតពិនិត្យរដ្ឋបាលនៅលើដងផ្លូវ សមត្ថកិច្ចបានពិនិត្យឃាត់យានយន្តដែលសង្ស័យ សរុបចំនួន ២៦៩លើក មនុស្សចំនួន ២.៧៦៣នាក់។
គូសបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យលេខ០៣ សរុបជាទឹកប្រាក់ ៨២២.២៤០.០០០រៀល ក្នុងនោះផាកពិន័យតាមមាត្រា១៩ សរុបទឹកប្រាក់ ១.២០០.០០០រៀល និង ផាកពិន័យតាមមាត្រា២០សរុបទឹកប្រាក់ ៨២១.០៤០.០០០ រៀល៕