ភ្នំពេញ៖ និស្សិតកម្ពុជាឆ្នើមចំនួន ៤១រូប ត្រូវបានជ្រើសរើសឱ្យទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាល្បីៗក្នុងប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សាថ្មីនេះ។ពិធីប្រគល់អាហារូបករណ៍នេះ ត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។
ពិធីប្រគល់អាហារូបករណ៍ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរួមគ្នារបស់ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ភាគីពាក់ព័ន្ធ និងនិស្សិតជ័យលាភីយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន បានថ្លែងអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ (ICCR) ដែលតែងតែបន្តផ្តល់អាហារូបករណ៍ប្រចាំឆ្នាំដល់កម្ពុជា។ លោកបានគូសបញ្ជាក់ថា ជំនួយផ្នែកអប់រំនេះបានរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស និងកសាងសមត្ថភាពយុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិ។
បន្ថែមលើនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងប្រើប្រាស់ពេលវេលាសិក្សានៅប្រទេសឥណ្ឌាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ លោកបានបន្ថែមថា ឥណ្ឌាគឺជាមជ្ឈមណ្ឌលអប់រំលំដាប់សកល ដែលបានបណ្តុះបណ្តាលធនធានមនុស្សឆ្នើមៗ និងបុគ្គលជោគជ័យជាច្រើននៅទូទាំងពិភពលោក។ លោកជឿជាក់ថា ចំណេះដឹង និងបទពិសោធដែលនិស្សិតទទួលបាន នឹងក្លាយជាទុនដ៏មានតម្លៃក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា អាហារូបករណ៍ដែលផ្តល់ដោយក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) នេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបើកឱកាសឱ្យនិស្សិតកម្ពុជាបានទៅសិក្សាក្នុងប្រព័ន្ធអប់រំដ៏រឹងមាំរបស់ឥណ្ឌា ដែលល្បីល្បាញលើភាពចម្រុះនៃវប្បធម៌ ព្រមទាំងមានជម្រើសមុខជំនាញសិក្សាដ៏សម្បូរបែបសម្រាប់និស្សិតអន្តរជាតិមកពីជុំវិញពិភពលោក៕