ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់ឧស្សាហកម្មការពារជាតិចិន លោក បៀន ជីហ្គាង (Bian Zhigang) កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ លោក បៀន ជីហ្គាង ដែលជាអនុប្រធានរដ្ឋបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិ (SASTIND) ត្រូវបានសង្ស័យថាបាន «រំលោភបំពានវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ»នេះបើយោងតាមគណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) បានប្រកាសកាលពីថ្ងៃពុធ។ ភ្លាមៗ ប្រវត្តិរូបរបស់លោកត្រូវបានលុបចេញពីគេហទំព័រផ្លូវការបន្ទាប់ពីការស៊ើបអង្កេតត្រូវបានប្រកាស។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA បានអះអាងថា លោក បៀន ជីហ្គាង គឺជាមន្ត្រីចុងក្រោយបំផុតនៅក្នុងវិស័យការពារជាតិ និងអវកាសចិនដែលត្រូវបានស៊ើបអង្កេតពីបទពុករលួយ។ លោកក៏ជាអនុប្រធានរដ្ឋបាលអវកាសជាតិចិន (CNSA) ផងដែរ។ លោក បៀន បានចំណាយពេលភាគច្រើននៃអាជីពរបស់លោកនៅ SASTIND ដែលជាទីភ្នាក់ងាររដ្ឋាភិបាលចិនដែលទទួលខុសត្រូវក្នុងការសម្របសម្រួលការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតឧបករណ៍យោធានៅទូទាំងវិស័យនុយក្លេអ៊ែរ អវកាស អាកាសចរណ៍ ការសាងសង់នាវា អាវុធ និងអេឡិចត្រូនិច។
លោក បៀន ជីហ្គាង បានបម្រើការងារក្នុងមុខតំណែងសំខាន់ៗជាច្រើននៅ SASTIND រួមទាំងជាប្រធាននាយកដ្ឋានវិស្វកម្មប្រព័ន្ធទីបី ប្រធាននាយកដ្ឋានផែនការ និងប្រធានវិស្វកររដ្ឋបាល។ លោក បៀន ជីហ្គាង បានបង្ហាញខ្លួនជាសាធារណៈ និងថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី១៨ ខែឧសភា មុនការស៊ើបអង្កេតរបស់លោកត្រូវបានធ្វើឡើង។
កាលពីខែតុលា ឆ្នាំមុន CCDI (គណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ) បានបណ្តេញលោក Zhang Jianhua អតីតអនុប្រធាន SASTIND ចេញពីបក្សកុម្មុយនិស្តពីបទសូកប៉ាន់។ មន្ត្រីជាន់ខ្ពស់ការពារជាតិ និងអវកាសចិនជាច្រើនរូបត្រូវបានស៊ើបអង្កេតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះក៏មានលោក Ma Xingrui អតីតសមាជិកការិយាល័យនយោបាយចិន និងជាអតីតប្រធានបក្សនៃតំបន់ស្វយ័ត Xinjiang Uygur ត្រូវបានស៊ើបអង្កេតដោយ CCDI ក្នុងខែមេសា ពីបទ រំលោភបំពានវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាអ្នកជំនាញខាងអវកាស លោក Ma បានចំណាយពេលជាច្រើនឆ្នាំធ្វើការនៅសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ដោយបម្រើការជាអ្នកគ្រប់គ្រងទូទៅរបស់ខ្លួនចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣។ លោក Ma ក៏ជាអនុប្រធានអគ្គមេបញ្ជាការនៃកម្មវិធីអវកាស របស់ប្រទេសចិន និងជាអគ្គមេបញ្ជាការនៃគម្រោងរ៉ុក្កែតដឹកជញ្ជូនជំនាន់ថ្មី៕