ប៉ារីស៖ ប្រទេសបារាំង សម្រេចហាមឃាត់ការសេព និងលក់គ្រឿងស្រវឹងជាបណ្តោះអាសន្ន នៅក្នុងទីក្រុងប៉ារីស ដោយហាមសាធារណជន មិនឱ្យសេពគ្រឿងស្រវឹងនៅតាមទីសាធារណៈ និងហាមឃាត់ការលក់ខ្ចប់យកទៅក្រៅនៅចុងសប្តាហ៍នេះ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្នុងម៉ោងដែលបានកំណត់ចាប់ពីម៉ោង ៦:០០ ល្ងាច ថ្ងៃសុក្រ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃសៅរ៍ និងចាប់ពីម៉ោង ៦:០០ ល្ងាច ថ្ងៃសៅរ៍ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃអាទិត្យ។
យោងតាមការចេញផ្សាយរបស់កាសែត The Guardian វិធានការបន្ទាន់នេះត្រូវបានដាក់ចេញ ដោយសារតែមន្ទីរពេទ្យនានាក្នុងក្រុងប៉ារីស កំពុងប្រឈមនឹងការខ្វះខាតកន្លែងសម្រាកព្យាបាល បង្កឡើងដោយករណីគាំងបេះដូងបានកើនឡើងរហូតដល់ទៅ ៤ដង ដោយសារតែរលកកម្តៅដ៏កាចសាហាវក្នុងកម្រិតកំណត់ត្រា ៤០,៩ អង្សាសេ កំពុងវាយប្រហារប្រទេសបារាំង និងតំបន់អឺរ៉ុប។
បច្ចុប្បន្ន ប្រជាជនបារាំងជាង ៤៤ លាននាក់ កំពុងស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហមកម្រិតខ្ពស់បំផុត ខណៈដែលរលកកម្តៅនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៨ នាក់ស្លាប់ដោយសារការលង់ទឹក ហើយកុមារតូចៗចំនួន ៣ នាក់បានបាត់បង់ជីវិតដោយសារតែកម្តៅនៅក្នុងរថយន្ត ក្នុងនោះក៏មានបក្សីរាប់សែនក្បាលនៅតាមកសិដ្ឋានងាប់ និងបង្ខំឱ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរជាបណ្តោះអាសន្ន។
អាជ្ញាធរបារាំងបានសម្រេចបិទសាលារៀនជាច្រើន បើកទ្វារសួនច្បារសាធារណៈពេញ ២៤ម៉ោង និងកាត់បន្ថយម៉ោងបើកទ្វារនៃតំបន់ទេសចរណ៍ល្បីៗ ដូចជា ប៉ម Eiffel និងសារមន្ទីរ Louvre ៕