តូក្យូ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានប្រកាសលុបចោលជើងហោះហើរជាង ១០០ នៅថ្ងៃសុក្រ នេះ បន្ទាប់ពីដែលព្យុះត្រូពិចពីរបានវាយប្រហារមកលើ អាជ្ញាធរបានណែនាំឲ្យមានការជម្លៀសចេញនៅតំបន់មួយចំនួនដោយសារតែអាចកើតមានទឹកជំនន់ និងការរអិលបាក់ដី។ យោងតាមអ្នកព្យាករណ៍អាកាសធាតុជប៉ុនបានបញ្ជាក់ថា ព្យុះត្រូពិចមេខខាឡា ដែលត្រូវបានបន្ទាបល្បឿនពីព្យុះទីហ្វុង កំពុងមានខ្យល់បក់បោកក្នុងល្បឿនរហូតដល់ ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំងកំពុងវាយប្រហារផ្នែកខ្លះនៃភាគខាងត្បូង និងខាងលិចប្រទេសជប៉ុន។
តាមប្រព័ន្ធអាកាសធាតុព្យុះនេះនឹងបោកបក់កាត់កោះក្យូស៊ូ និងស៊ីកូគុ នៅចុងសប្តាហ៍នេះ ហើយអាចជួបប្រទះនឹងព្យុះត្រូពិចមួយទៀតឈ្មោះថាហ៊ីហ្គោស ដែលក៏កំពុងបោកបក់បន្ថែមទៀតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរចំនួន ៧០ និង ៥០ រៀងៗខ្លួន ទៅកាន់តំបន់ភាគខាងត្បូងនៃអូគីណាវ៉ា និងកាហ្គោស៊ីម៉ា។
តំបន់នៅក្យូតូបានណែនាំប្រជាជនរាប់ពាន់នាក់ឱ្យជម្លៀសចេញ និងព្រមានអំពីការរអិលបាក់ដីដែលអាចកើតមានទាំងទីក្រុងក្យូតូ និងអូសាកា ដោយកម្រិតទឹកទន្លេសំខាន់ៗកំពុងកើនឡើង ហើយការប្រុងប្រយ័ត្នខ្ពស់នោះគឺទឹកជំនន់អាចនឹងកើតមានឡើងភ្លាមៗ។ ក្រុមហ៊ុនផលិតរថយន្ត Toyota បានផ្អាកប្រតិបត្តិការនៅរោងចក្រមួយនៅ Kyushu ដោយសារតែការបិទផ្លូវដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខណៈដែលក្រុមហ៊ុន Nissan ក៏ប្រកាសដែលថាខ្លួនមានគម្រោងបញ្ឈប់ខ្សែសង្វាក់ផលិតកម្មមួយចំនួន៕