បាងកក៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានប្រកាសដាក់ចេញនូវបម្រាមយ៉ាងតឹងរ៉ឹង ហាមឃាត់ការលក់ ការចែកចាយ ការផ្តល់ជូន ឬការបម្រើគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងតំបន់បោះឆ្នោតនៃទីក្រុងបាងកក និងទីក្រុងប៉ាតាយ៉ា អំឡុងពេលបោះឆ្នោតក្នុងតំបន់នាពេលខាងមុខ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation វិធានការរឹតបន្តឹងនេះ នឹងត្រូវអនុវត្តចាប់ពីម៉ោង ៦:០០ ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ម៉ោង ៦:០០ ល្ងាច ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដែលជាពេលវេលានៃការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកក និងក្រុមប្រឹក្សាក្រុងបាងកក ក៏ដូចជាការបោះឆ្នោតជ្រើសរើសអភិបាលក្រុងប៉ាតាយ៉ា និងក្រុមប្រឹក្សាក្រុងប៉ាតាយ៉ា។
នៅក្នុងកំឡុងពេលកំណត់នេះ ពោលគឺចាប់ពីមួយថ្ងៃមុនការបោះឆ្នោត រហូតដល់បញ្ចប់ការបោះឆ្នោត គ្មានបុគ្គលណាម្នាក់ត្រូវបានអនុញ្ញាតឱ្យលក់ ចែកចាយ ជូនជាកាដូ ឬរៀបចំសេវាកម្មគ្រឿងស្រវឹងនៅក្នុងតំបន់បោះឆ្នោតដែលបានកំណត់នោះឡើយ។ គណៈកម្មាធិការបោះឆ្នោតថៃ បានព្រមានថា ជនណាក៏ដោយដែលរំលោភលើបម្រាមនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ ដោយអាចជាប់ពន្ធនាគាររហូតដល់ ៦ ខែ ឬពិន័យជាប្រាក់រហូតដល់ ១០,០០០ បាត (ឬទាំងពីរករណី) ស្របតាមមាត្រា ១២៣ នៃច្បាប់ស្តីពីការបោះឆ្នោតក្នុងតំបន់។
អាជ្ញាធរថៃបានអំពាវនាវដល់គ្រប់អាជីវកម្ម និងសាធារណជនទាំងអស់ ឱ្យចូលរួមគោរពតាមបទបញ្ញត្តិនេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានសណ្តាប់ធ្នាប់ធ្នាប់ល្អ៕