ការ៉ាកាស៖ អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីមិនធ្លាប់មានកម្រិត ៧.៥វ៉ិចទ័រនៅវេណេស៊ុយអេឡាបានកើនដល់ ៣២ នាក់ និងរបួស ៧០០នាក់ ខណៈចំនួនអ្នកបាត់ខ្លួនកប់ក្នុងគំនរបាក់បែកនៃអគារកំពុងតែត្រូវបានមន្រ្តីជំនាញធ្វើការស្វែងរក។ ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងទៀត លោកស្រីថាតួលេខដំបូងមិនរាប់បញ្ចូលអ្នកស្លាប់ និងរបួសពីរដ្ឋ La Guaira ដែលជារដ្ឋឆ្នេរសមុទ្រមួយនៅភាគខាងជើងប្រទេសវេណេស៊ុយអេឡា ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរញ្ជួយដីដ៏ខ្លាំងក្លានោះទេ។
បើតាមលោកស្រី Delcy Rodríguez អគាររាប់សិបខ្នងបានដួលរលំ ហើយយើងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងខ្លាំង ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ លោកស្រីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននងបើយុទ្ធនាការស្វែងរកអ្នកដែលកំពុងតែជាប់គាំងក្នុងអគារដែលបានដួលរលំ។
ផ្អែកតាមទិន្នន័យពីការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិកបានបង្ហាញថា ការរញ្ជួយដីលើកដំបូងបានកើតឡើងនៅម៉ោងប្រហែល 6:04 ល្ងាចម៉ោងក្នុងស្រុកប្រហែល 15 ម៉ាយភាគខាងកើត-ឦសាននៃទីក្រុង San Felipe ប្រទេសវេណេស៊ុយអេឡា។ រញ្ជួយដីនេះ ដំបូងឡើយត្រូវបានរាយការណ៍ថាមានកម្រិត ៧.១ រ៉ិចទ័រ មានជម្រៅប្រហែល ១២.៦ ម៉ាយ ហើយចំណុចកណ្តាលរបស់វាស្ថិតនៅភាគខាងលិចនៃទីក្រុង Morón ដែលជាទីក្រុងមួយដែលមានទីតាំងនៅលើឆ្នេរសមុទ្រការ៉ាប៊ីន។ ក្រោយមកគ្រោះរញ្ជួយដីម្តងទៀតបានកើងដល់កម្រិត ៧.៥ រ៉ិចទ័រកើតឡើងប្រហែល ១៤ ម៉ាយភាគអាគ្នេយ៍នៃទីក្រុង Yumare ប្រទេសវេណេស៊ុយអេឡា៕