ភ្នំពេញ៖ មានគំនិតចង់លើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈជំនាញសិក្សានៅសាកលវិទ្យាល័យ និស្សិតតិចណូ១ក្រុម គ្រោងចេញលក់ «អាហារកំប៉ុងរសជាតិខគោ» ក្នុងឆ្នាំនេះ ក្រោមឈ្មោះ Golden Kitchen ដែលមិនប្រើសារធាតុរក្សាទុក។ ក្រុម Golden Kitchen រំពឹងថានឹងផលិតអាហារកំប៉ុងរសជាតិដើមចំនួន៣ ដូចជា ហហ្មុក ខគោ និងការីសាច់មាន់។
កញ្ញា ស៊ូ នីតា ជាតំណាងមកពី Golden Kitchen បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងនាមជានិស្សិតកំពុងរៀននៅសាកលវិទ្យាល័យ ហើយបានបង្កើតអាជីវកម្មនេះជាមួយមិត្តរបស់ខ្លួន នីតា ពិតជាមានមោទនភាពដែលមានឱកាសក្នុងការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ទេពកោសល្យ និងជំនាញសិក្សារបស់ខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្រុម Golden Kitchen មានសមាជិកចំនួន៤រូប រួមមាន និស្សិត ស៊ូ នីតា និងទាវ ណាផា ជំនាញវិស្វកម្មគីមីនិងវិទ្យាសាស្ត្រអាហារ, ស៊ុ ស៊ាងឡេង សិក្សាជំនាញបញ្ញាសិប្បនិម្មិត និង រុន ម៉េងហួ សិក្សាជំនាញសំណង់ស៊ីវិល។ យុវជនទាំង៤រូប មានតួនាទីខុសៗគ្នា រួមមានផ្នែកក្រាហ្វិក ហិរញ្ញវត្ថុ និង ផលិតអាហារ។
នីតា បានបន្តរៀបរាប់ថា កត្តាដែលអាចជំរុញឱ្យយុវជនក្រុមនេះបន្តមានឆន្ទៈយ៉ាងមោះមុតបន្តទៀត ដោយសារតែមានការគាំទ្រ និងជំរុញពីគ្រូណែនាំ ព្រមទាំងទទួលបានថវិកាមួយចំនួនពីកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្ម ដែលក្រុមរបស់ខ្លួនបានប្រកួតជាមួយគ្នា។ ក្រុម Golden Kitchen សង្ឃឹមថានៅពេលខាងមុខ នឹងអាចមានវិនិយោគិនមានចំណាប់អារម្មណ៍ក្នុងការចូលរួមវិនិយោគជាមួយនឹងអាជីវកម្មស្នាដៃនិស្សិតមួយនេះ ឱ្យបានកាន់តែប្រសើរឡើង ដើម្បីអាចពង្រីកវិសាលភាព និងបង្កើនការផលិតស្របតាមតម្រូវការទីផ្សារ។
ក្នុងចំណោមអាជីវកម្មជាច្រើនដែលអាចធ្វើបាន ក្រុមនិស្សិតជ្រើសរើសការផលិតអាហារកំប៉ុងដោយមិនប្រើធាតុរក្សាទុក ដោយសារតែចង់ឱ្យអ្នកប្រើប្រាស់ដែលរវល់ច្រើនអាចចំណេញពេលវេលា និងបរិភោគដោយសុវត្ថិភាព។ បច្ចុប្បន្ន យុវជនក្រុមនេះ នៅតែបន្តពង្រឹងផលិតផលរបស់ខ្លួនមុននឹងដាក់ចែកចាយក្នុងទីផ្សារ ដើម្បីធានាថានឹងមិនធ្វើឱ្យអតិថិជនខកចិត្តនឹងរសជាតិនោះឡើយ៕
ទស្សនាវីដេអូពេញតាមរយៈ៖