ភ្នំពេញ៖ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ូវិក បានវាយតម្លៃខ្ពស់ និងផ្តល់សារៈសំខាន់ជាពិសេស ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាង ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រព្រឹត្តទៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន នៅទីក្រុងកាហ្សាន កាលពីសប្តាហ៍មុន។
លោកថា ក្នុងជំនួបនោះ មេដឹកនាំកម្ពុជា-រុស្សី បានផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម វិនិយោគ និងអប់រំ ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិរក្ស និង លើកកម្ពស់បេតិកភណ្ឌប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន។
បើតាមអគ្គរដ្ឋទូតរុស្សី ជំនួបកំពូលនេះត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំជាប្រវត្តិសាស្រ្តផ្ទាល់លើកដំបូងបង្អស់រវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយ ពោលគឺគិតចាប់តាំងពីឆ្នាំ២០១៨ មកដែលកាលនោះជាជំនួបរវាងលោក វ្ល៉ាឌីមៀ ពូទីន ជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន នៅប្រទេសសិង្ហបុរី៕