Img 1426
Swift cc time

«ក្លឹបសហគ្រិនវិទ្យាល័យ» ប្រកាសរើសសិស្សថ្នាក់ទី ១០-១២ ដើម្បីពង្រឹងសមត្ថភាពផ្នែកសហគ្រិនភាព និងភាពជាអ្នកដឹកនាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពីគេហទំព័រ៖ សហគ្រិនខ្មែរ Khmer Enterprise

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនកម្ពុជា កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យពីសិស្សានុសិស្សទូទាំងប្រទេសជាផ្លូវការចាប់ពីថ្នាក់ទី ១០ ដល់ទី ១២ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្ស សិក្សាស្វែងយល់យ៉ាងស៊ីជម្រៅពីជំនាញសហគ្រិនភាព ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា និងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ចំពោះលក្ខខណ្ឌនៃការចូលរួមវិញ បេក្ខជនទាំងអស់ត្រូវធ្វើការចុះឈ្មោះជាលក្ខណៈបុគ្គល ដោយតម្រូវឱ្យជាសិស្សានុសិស្សដែលកំពុងចាប់ពីថ្នាក់ទី១០ ដល់ទី១២ និងមានចំណាប់អារម្មណ៍ច្បាស់លាស់លើភាពជាសហគ្រិន។ ជាមួយគ្នានេះ បេក្ខជនត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមរាល់កម្មវិធីបណ្ដុះបណ្ដាល អនឡាញ ក៏ដូចជាសកម្មភាពនានារបស់ក្លឹបឱ្យបានពេញលេញ ហើយជាពិសេសត្រូវមានគណនីតេឡេក្រាម (Telegram) ផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការទទួលព័ត៌មាន និងតាមដានរាល់សកម្មភាពផ្សេងៗរបស់ក្លឹប។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សនៅគ្រប់រាជធានី-ខេត្ត «ក្លឹបសហគ្រិនវិទ្យាល័យ» នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ តាមរយៈ ឆានែលតេឡេក្រាម (Telegram Channel)។ របៀបនៃការរៀនសូត្រនេះ មានភាពបត់បែនខ្ពស់ ដែលជួយឱ្យសិស្សងាយស្រួលក្នុងការគ្រប់គ្រងពេលវេលា មិនប៉ះពាល់ដល់ការសិក្សាប្រចាំថ្ងៃនៅសាលានោះឡើយ។

យុវជនដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានឱកាសអភិវឌ្ឍសមត្ថភាពយ៉ាងច្រើន តាមរយៈការបណ្ដុះផ្នត់គំនិតសហគ្រិនភាព និងជំនាញអាជីវកម្មកម្រិតមូលដ្ឋាន ព្រមទាំងបានរៀនសូត្រពីរបៀបបំប្លែងគំនិតច្នៃប្រឌិតទាំងនោះ ឱ្យទៅជាដំណោះស្រាយជាក់ស្ដែងសម្រាប់ជួយដល់សហគមន៍។ បន្ថែមពីនេះ សិស្សក៏មានឱកាសដ៏វិសេសក្នុងការជួបពិភាក្សា និងស្តាប់ការចែករំលែកបទពិសោធន៍ផ្ទាល់ពីសហគ្រិនជោគជ័យនៅក្នុងស្រុក ព្រមទាំងអាចបង្កើតទំនាក់ទំនង និងតភ្ជាប់ជាមួយបណ្ដាញយុវជនឆ្នើមៗមកពីទូទាំងប្រទេសផងដែរ។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យចូលរួមតាមរយៈតំណភ្ជាប់៖ https://forms.gle/Qe2HUgxo2ZFbkDN7A ឱ្យបានត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង