Img 1426
Swift cc time

កញ្ញា ហេង វិច្ឆិកា ទទួលបានឱកាសហាត់ការផ្នែកបច្ចេកវិទ្យាឌីជីថល ធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កញ្ញា ហេង វិច្ឆិកា ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញInformation Technology Management និងជំនាញComputer Science ទទួលបានឱកាសហាត់ការនៅក្រុមហ៊ុនជប៉ុន១ ទាក់ទងនឹងបច្ចេកវិទ្យាឌីជីថលជប៉ុន ហើយបច្ចុប្បន្នកំពុងហាត់ការស្រាវជ្រាវអំពីបច្ចេកវិទ្យា និងការអនុវត្តបច្ចេកវិទ្យាទៅក្នុងការងារជាក់ស្តែង។ កញ្ញា បានប្តេជ្ញាថា ក្នុងនាមជាពលរដ្ឋខ្មែរ១រូប កញ្ញានឹងពាំនាំយកចំណេះដឹង បទពិសោធន៍ និងវប្បធម៌ការងាររបស់ជប៉ុន នាំយកមកអនុវត្តនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យឌីជីថល និងជួយលើកកម្ពស់សង្គមកម្ពុជា។

កញ្ញា ហេង វិច្ឆិកា បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះអ្នកទាំងអស់គ្នាដែលបានគាំទ្រ និងលើកទឹកចិត្តរហូតមកដល់ថ្ងៃនេះ ដូចជា លោកប្រធាន Matsui, គ្រូបង្រៀនភាសាជប៉ុន, លោកគ្រូ Iwasaki, អ្នកគ្រូ Aika, លោកគ្រូ Tominaga, ឪពុកម្តាយ និងមិត្តភក្តិទាំងអស់។ ឱកាសនេះមិនមែនងាយស្រួលទេ ដូច្នេះកញ្ញាពិតជាមានមោទនភាពដែលអាចសម្រេចបាន។ គ្រប់យ៉ាងផ្តើមចេញពីការចូលចិត្តវប្បធម៌ និងគំនូរជីវចលជប៉ុន (Anime) តាំងពីមុនមក បណ្តាលឱ្យកញ្ញាចាប់ផ្តើមរៀនភាសាជប៉ុន រហូតប្រឡងជាប់ JLPT N3 ហើយបច្ចុប្បន្នកំពុងហាត់ការនៅក្រុមហ៊ុន NextMake Co., Ltd.។

យុវតីរូបនេះ បានចែករម្លែកថា កញ្ញាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ពីរគឺ "Practice makes perfect" (ការអនុវត្តជាប្រចាំនាំទៅរកភាពស្ទាត់ជំនាញ) និង "Consistency is key" (ភាពខ្ជាប់ខ្ជួនគឺជាគន្លឹះនៃភាពជោគជ័យ)។ កញ្ញាជឿថា ការរៀនត្រឹមតែទ្រឹស្តីមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវអនុវត្តជាបន្តបន្ទាប់ និងមិនបោះបង់ ទើបអាចអភិវឌ្ឍសមត្ថភាពបាន។ រហូតមកដល់បច្ចុប្បន្ន កញ្ញាបានចូលរួមក្នុងគម្រោងជាច្រើន ទាក់ទងនឹងការស្រាវជ្រាវបច្ចេកវិទ្យា និងការអនុវត្តបច្ចេកវិទ្យាទៅក្នុងការងារជាក់ស្តែង។ បទពិសោធន៍ទាំងនេះបានជួយឱ្យកញ្ញាយល់កាន់តែច្បាស់អំពីការងារក្នុងវិស័យឌីជីថល។

កញ្ញា ហេង វិច្ឆិកា បានលើកឡើងថា ក្នុងនាមជាប្រជាជនកម្ពុជា កញ្ញាមិនអាចភ្លេចប្រទេសកំណើតបានឡើយ។ កញ្ញាសង្ឃឹមថានឹងអាចរៀនយកចំណេះដឹង បទពិសោធន៍ និងវប្បធម៌ការងាររបស់ជប៉ុន ហើយនាំយកមកអនុវត្តនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យឌីជីថល និងជួយលើកកម្ពស់សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន ហើយជួយដល់ប្អូនៗជំនាន់ក្រោយអោយមានឱកាសល្អៗនៅថ្ងៃអនាគត។

កញ្ញា បានលើកទឹកចិត្តយុវជនដទៃទៀតថា «ខ្ញុំជឿថា មនុស្សភាគច្រើនមានសមត្ថភាពកម្រិតខ្ពស់ជាងអ្វីដែលពួកគេគិត។ ដូច្នេះ សូមជឿជាក់លើខ្លួនឯង ហ៊ានសាកល្បង ហ៊ានរៀន និងកុំខ្លាចបរាជ័យ។ វិស័យឌីជីថលកំពុងមានឱកាសជាច្រើន ហើយប្រសិនបើយើងខិតខំប្រឹងប្រែង និងរៀនជាបន្តបន្ទាប់ យើងអាចបង្កើតអនាគតដ៏ល្អសម្រាប់ខ្លួនឯង និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។»៕

Khcct banner

អត្ថបទទាក់ទង