បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ នៅថ្ងៃទី ២៤ មិថុនានេះ បានប្រកាសរម្លឹកឱ្យពលរដ្ឋខ្លួនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរទៅកាន់ ខេត្តតាក ក្រុងម៉ែសត របស់ប្រទេសថៃ ជាប់តំបន់ព្រំដែនផ្សេងៗជាប់ប្រទេសមីយ៉ាន់ម៉ា ឬក៏បើអាចជៀសបានកុំធ្វើដំណើរទៅតំបន់ទាំងនោះ ដោយសារជាតំបន់ប្រឈម Online Scams ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ។
យោងតាមសេចក្តីប្រកាសពីស្ថានទូតចិនប្រចាំនៅប្រទេសថៃ បានរកឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ខាងលើសំបូរទៅដោយសកម្មភាពខុសច្បាប់មានជាអាទិ៍៖ ការងារខុសច្បាប់ ការឆបោកតាម Online Scams ល្បែងស៊ីសងអនឡាញ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មឆ្លងដែនជាច្រើន។
ស្ថានទូតចិន បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនរៀបចំផែនការធ្វើដំណើរដោយប្រុងប្រយ័ត្ន ជៀសវាងការធ្វើដំណើរទៅកាន់តំបន់ហានិភ័យនេះ ព្រមទាំងមិនគួរជឿលើការផ្សព្វផ្សាយអំពី ការងារប្រាក់ខែខ្ពស់ ឱកាសវិនិយោគ ឬសកម្មភាពល្បែងស៊ីសង ដែលអាចនាំឱ្យពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ក្នុងករណីចង់ធ្វើដំណើរ ស្ថានទូតចិនណែនាំឱ្យទាក់ទងអាជ្ញាធរក្នុងតំបន់ ព្រមទាំងវាយតម្លៃហានិភ័យនៃការចូលប្រទេសឱ្យបានច្បាស់លាស់៕