Img 1426
Swift cc time

FBI អាម៉េរិកបន្ថែមឈ្មោះជនសង្ស័យ ២នាក់ក្នុងបញ្ជីខ្មៅបំផុត ពីបទឆបោកលុយរាប់រយលានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វ៉ាស៊ីនតោន៖ ស្ថាប័ន FBI អាម៉េរិក កាលពីថ្ងៃ២៣មិថុនា បានប្រកាសបន្ថែមឈ្មោះជនសង្ស័យថ្មីពីររូប គឺលោក Khalid Satary និងលោកស្រី Emylee Thai ចូលក្នុងបញ្ជីមុខសញ្ញាឆបោកដែលត្រូវតាមចាប់ខ្លួនខ្លាំងបំផុត (Most Wanted Fraudsters List) ជុំវិញករណីកេងបន្លំថវិកាសេវាសុខាភិបាលជាតិសរុបជាង ៦០០លានដុល្លារ មុនពេលពួកគេកាត់ផ្តាច់ឧបករណ៍តាមដាន រួចរត់គេចខ្លួនទៅក្រៅប្រទេស។តាមប្រភពចុងក្រោយ លោក Khalid Satary បានរត់ទៅសម្ងំលាក់ខ្លួននៅប្រទេសអារ៉ាប់រួម ហើយលោកស្រី Emylee Thai ទំនងជាកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសវៀតណាម។

នាយកស្ថាប័ន FBIអាម៉េរិក លោក Kash Patel បានថ្លែងសុន្ទរកថាជាផ្លូវការអំពីលទ្ធផលជាប្រវត្តិសាស្ត្រនៃការបង្ក្រាបបទល្មើសឆបោកធំៗក្នុងវិស័យសុខាភិបាល កាលពីថ្ងៃ២៣មិថុនា នៅក្រសួងយុត្តិធម៌អាម៉េរិក។

ប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះមានការចូលរួមពីស្ថាប័នរដ្ឋបាល និងសមត្ថកិច្ចក្នុងស្រុកសហព័ន្ធចំនួន ៥៦ និងរដ្ឋចំនួន ៤៥ ព្រមទាំងបានឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិសរុបជាង ១៨២ លានដុល្លារ រួមមានសាច់ប្រាក់ គ្រឿងអលង្ការប្រណីតៗ និងរថយន្តស្ព័រដូចជា Ferrari និង Maserati ជាដើម។

ទីភ្នាក់ងារ CMS ជាស្ថាប័នរដ្ឋបាលគ្រប់គ្រងប្រព័ន្ធធានារ៉ាប់រងសុខភាពរដ្ឋរបស់អាម៉េរិក ក៏បានប្រកាសព្យួរ និងលុបចោលសិទ្ធិទាមទារប្រាក់របស់អ្នកផ្តល់សេវាសុខាភិបាលជាង ២,៤០០ ករណី ខណៈទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀន DEA បានចាត់វិធានការដកហូតសិទ្ធិចេញវេជ្ជបញ្ជាសារធាតុញៀនចំនួន ៩២៨ ករណី។

កិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតខ្ពស់នេះបានឈានទៅដល់ការចាប់ខ្លួនមេខ្លោងធំៗរត់គេចខ្លួននៅក្រៅប្រទេស ដូចជាការឃាត់ខ្លួនលោក Ibrahim Hilmi នៅតំបន់ Kyrenia ពាក់ព័ន្ធនឹងគម្រោងបន្លំទឹកប្រាក់ ៣,៧ ប៊ីលានដុល្លារ និងការចាប់ខ្លួន Herb Kimble ដែលជាមុខសញ្ញាស្វែងរកខ្លួនខ្លាំងបំផុតរបស់ FBI ក្នុងករណីឆបោកប្រព័ន្ធតេឡេមេឌីស៊ីន(Telemedicine) ១,២ ប៊ីលានដុល្លារនៅប្រទេសហ្វីលីពីន។

ការឃាត់ខ្លួនលោក Ibrahim Hilmi នៅតំបន់ Kyrenia

ការប្រកាសនេះធ្វើឡើងក្រោយក្រសួងយុត្តិធម៌អាម៉េរិក បានបើកយុទ្ធនាការបង្ក្រាបការឆបោកវិស័យសុខាភិបាលជាតិឆ្នាំ២០២៦ (2026 National Health Care Fraud Takedown) ដោយបានចោទប្រកាន់ជនសង្ស័យសរុបចំនួន ៤៥៥ នាក់ រួមទាំងគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រចំនួន ៩០ នាក់ ពាក់ព័ន្ធនឹងការទាមទារប្រាក់បន្លំមានតម្លៃរហូតដល់ជាង ៦,៥ ប៊ីលានដុល្លារ៕


Khcct banner

អត្ថបទទាក់ទង