ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានអង្គប្រជុំ
នាពិធីបើកកិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ
ខេត្តសៀមរាប៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា ជំរុញឱ្យប្រទេសជាសមាជិកអាស៊ាន និងដៃគូពិគ្រោះយោបល់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ជាពិសេសបទល្មើសបច្ចេកវិទ្យា (Cybercrime) និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
ការថ្លែងនេះធ្វើឡើងក្នុងកម្មវិធីដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ «ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម» ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ ការអភិវឌ្ឍច្រកទ្វារឆ្លាតវៃ (Smart Gates) ការពង្រឹងការចែករំលែកព័ត៌មាន និងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមបរិបទថ្មី។
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានគូសបញ្ជាក់ថា DGICM បានឈានដល់ខួប ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអន្តោប្រវេសន៍អាស៊ាន ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការធ្វើដំណើរ ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការជួញដូរមនុស្ស។
ក្នុងឱកាសនេះ កម្ពុជាក៏បានអំពាវនាវឱ្យប្រទេសសមាជិកអាស៊ាន និងដៃគូពិគ្រោះយោបល់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ជាពិសេសបទល្មើសបច្ចេកវិទ្យា (Cybercrime) និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
កិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងសន្តិសុខតំបន់ និងជំរុញការកសាង «អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម» ស្របតាមចក្ខុវិស័យ «សហគមន៍អាស៊ានតែមួយ ជោគវាសនាតែមួយ»៕