វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២៤ មិថុនា បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមនុស្សចំនួន៩នាក់ ពាក់ព័ន្ធករណីឆបោក Online Scams ហើយក្នុងចំណោមមនុស្សទាំង៩នាក់នោះ គឺមានម្នាក់ត្រូវបានគេស្គាល់ថា ជាបងធំ(មនុស្សស្និទ្ធិ)របស់ លោក ចេន ហ្ស៊ី គឺ ហ៊ូ ស៊ាវវៃ (Hu Xiaowei)។បន្ថែមពីនេះ អាម៉េរិក បានបង្កកទ្រព្យសម្បត្តិអង្គភាពចំនួន ២៦ មានក្រុមហ៊ុន ធនាគារ សណ្ឋាគារ មួយចំនួនដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា និងថៃ ជាដើម។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា បុគ្គលសំខាន់ឈ្មោះ ហ៊ូ ស៊ាវវៃ (Hu Xiaowei) ត្រូវបានគេស្គាល់ថាជា «មេបញ្ជាការលំដាប់ទីពីរ» និងជា «បងធំ» របស់លោក ចេន ហ្ស៊ី ជាមេខ្លោងធំរបស់ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group)។បុគ្គលនេះ បានដើរតួជាក្បាលម៉ាស៊ីនចាត់ចែងដ៏សំខាន់ ក្នុងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅបរទេសក្រៅប្រទេសកម្ពុជា ព្រមទាំងគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងខុសច្បាប់ និង អចលនទ្រព្យឆ្លងដែន ដើម្បីបើកផ្លូវឱ្យមានការលាងលុយកខ្វក់រាប់លានដុល្លារ។
អាម៉េរិក អះអាងទៀតថា លោក ហ៊ូ ស៊ាវវៃ (Hu Xiaowei) បានបង្កើតបណ្តាញបញ្ជា នៅ សិង្ហបុរី ហុងកុង និង ចក្រភពអង់គ្លេស និងបានប្រតិបត្តិការឆបោកតាមរយៈក្រុមហ៊ុនមេ Future King ដោយមានមនុស្សក្រោមបង្គាប់សំខាន់ៗដូចជា៖ លោក Ho Ho Ming លោក Kong Ka On និង លោក Li Hui។
សម្រាប់នៅកម្ពុជា អាម៉េរិក អះអាងថា បានកាត់ផ្តាច់សរសៃឈាមហិរញ្ញវត្ថុរបស់មេដឹកនាំជាន់ខ្ពស់នៅក្នុង ព្រីនស៍ គ្រុប (Prince Group TCO)។ ក្នុងនោះរួមមាន បុគ្គលឈ្មោះ Brendon Luo និង Qiu Weiren ជាអ្នកបោះទុនធំក្នុងទីតាំងឆបោក, បុគ្គលឈ្មោះ Dai An មេដឹកនាំជាន់ខ្ពស់ក្នុងក្រុមហ៊ុនអចលនទ្រព្យ Prince Huan Yu Real Estate, និង បុគ្គលឈ្មោះ Fang Zhizhen គ្រប់គ្រងច្រកទូទាត់ប្រាក់អនឡាញសម្រាប់មជ្ឈមណ្ឌលឆបោក។
ទណ្ឌកម្មរបស់អាម៉េរិកថ្មីនេះ ក៏បានប៉ះពាល់ដល់បុគ្គលឈ្មោះ Chen Bo នាយកក្រុមហ៊ុនចំនួន ៦ របស់លោក ចេន ហ្ស៊ី និងជាម្ចាស់ភាគហ៊ុនភាគច្រើននៃធនាគារ CCU Commercial Bank នៅកម្ពុជា និងជាម្ចាស់សណ្ឋាគារ White Horse Hotel Management នៅក្នុងប្រទេសថៃ។ទ្រព្យសម្បត្តិ ទាំងអស់នេះ នឹងត្រូវអាម៉េរិកបង្កក ហើយហាមឃាត់រាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ស្របតាមច្បាប់អាម៉េរិក៕