នេប៉ាល់៖ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ពីបទចោទលាងលុយកខ្វក់ លោក Paudel វ័យ ៦៦ ឆ្នាំ ជាមេដឹកនាំជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តនេប៉ាល់ (UML) និងជាឥស្សរជនសំខាន់ម្នាក់នៅក្នុងរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តីនេប៉ាល់ចាស់លោក K.P. Sharma Oli ក៏កំពុងតែត្រូវបានឃុំខ្លួនក្នុងសណ្ឋាគារមួយនៅភាគខាងលិចប្រទេសនេប៉ាល់ដូចគ្នា។ អ្នកនាំពាក្យប៉ូលីសនេប៉ាល់ លោក Abi Narayan Kafle បញ្ជាក់ថា លោក Paudel កំពុងត្រូវបាននាំខ្លួនទៅកាន់ទីក្រុងកាត់ម៉ាន់ឌូ ហើយនឹងត្រូវប្រគល់ជូននាយកដ្ឋានស៊ើបអង្កេតការលាងលុយកខ្វក់។
បើតាមអ្នកនាំពាក្យប៉ូលីសនេប៉ាល់ដដែល ការចាប់ខ្លួនរបស់លោក Bishnu Prasad Paudel បានកើតឡើងជាច្រើនខែបន្ទាប់ពីរដ្ឋាភិបាលរបស់លោក K.P. Sharma Oli បានផ្តួលរំលំបន្ទាប់ពីការតវ៉ាប្រឆាំងអំពើពុករលួយដ៏សាហាវ ដែលមនុស្សយ៉ាងហោចណាស់ ៧៦ នាក់ត្រូវបានសម្លាប់ និងជាង ២៥០០ នាក់រងរបួស ដោយអគាររដ្ឋាភិបាលជាច្រើន រួមទាំងសភាត្រូវបានដុតបំផ្លាញ ក្នុងនោះមានលោក Oli និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោកត្រូវបានចាប់ខ្លួនពីបទបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សា។
ក្រោយពីរដ្ឋបាលនាយករដ្ឋមន្រ្តីចាស់ដួលរលំលោកនាយករដ្ឋមន្ត្រីថ្មីគឺលោក Balendra Shah វ័យ ៣៦ ឆ្នាំ ជាអ្នកចម្រៀងរ៉េបដែលប្រែក្លាយជាអ្នកនយោបាយ បានឡើងកាន់តំណែងថ្មីកាលពីខែមីនា លោកសន្យាថានឹងដោះស្រាយអំពើពុករលួយ ចាត់វិធានការប្រឆាំងនឹងការរំលោភបំពាន និងអយុត្តិធម៌កន្លងមករបស់នាយករដ្ឋមន្រ្តីនេប៉ាល់ចាស់៕