ចិន៖ ពូជត្រីផ្សោតគ្មានព្រុយដែលយកចេញពីទន្លេយក្សចិនដ៏ធំគឺទន្លេយ៉ាងសេត្រូវបានកើតកូនដំបូងជាផ្លូវការដែលកូនត្រីផ្សោតគ្មានព្រុយដែលមានឈ្មោះថា "Xiao 26" តាមឆ្នាំកើតរបស់វាដែលកើតតាំងពីខែ ឧសភា មក គិតត្រឹមថ្ងៃទី ២៣ មិថុនានេះមានរយៈពេលមួយខែហើយ។ ការកើតកូនត្រីផ្សោតគ្មានព្រុយយ៉ាងសេកាលពីខែមុននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទម្សិលមិញតាមរយៈវីដេអូឃ្លាំមើលដែលចេញផ្សាយដោយវិទ្យាស្ថានអ៊ីដ្រូជីវវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននៅទីក្រុងវូហាន ខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនបានបង្ហាញពីសកម្មភាពនៃការកើតកូនត្រីប្រភេទនេះដ៏កម្របំផុត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន កូនត្រីផ្សោតនេះ ដែលមានឈ្មោះថា "Xiao 26" តាមឆ្នាំកំណើតរបស់វា មានអាយុមួយខែនៅថ្ងៃចន្ទម្សិលមិញ។ វីដេអូនេះបង្ហាញពីម្តាយរបស់ត្រីកំពុងកើតកូនផ្សោតនៅម៉ោង ៥ ល្ងាច កាលពីថ្ងៃទី ២២ ខែឧសភា នៅពេលកើត វាមានប្រវែងប្រហែល ៧០សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែលប្រាំគីឡូក្រាម។ ចាប់ពីសញ្ញាដំបូងនៃការកើតកូនរហូតដល់ការកើតចេញ ដំណើរការទាំងមូលចំណាយពេលប្រហែលពីរម៉ោង។ ភ្លាមៗបន្ទាប់ពីកើត កូនត្រីផ្សោតបានហែលឡើងលើផ្ទៃទឹកដើម្បីដកដង្ហើមដំបូង និងបំបៅដោះកូនជាលើកដំបូងត្រឹមតែប្រាំមួយម៉ោងកន្លះក្រោយមក។
គួរកត់សម្គាល់ថាត្រីផ្សោតគ្មានព្រុយយ៉ាងសេគឺជាសត្វព្រៃការពារលំដាប់ថ្នាក់ជាតិដ៏សំខាន់របស់ចិនផ្សោតគ្មានព្រុយខ្នងជាថនិកសត្វមានទំហំតូចជាងក្នុងអំបូរផ្សោត និងមានប្រវែងដងខ្លួនទើបនឹងកើតពី ៦៨-៨០ស.ម ពេញវ័យ ១,៥៥-២ម និងកូនទើបកើតអាចមានទម្ងន់ ៦គ.ក ពេញវ័យ ៧២គ.ក។ ផ្សោតប្រភេទនេះពុំមានព្រុយខ្នងទេ ប៉ុន្តែនៅពីលើខ្នងមានទ្រនុងអ័ក្សគ្រើមដូចធ្មេញរណាកាត់តាមចង្អូរបណ្តោយខ្នង។ ក្បាលមូលគ្មាចំពុះ។ ដងខ្លួនមានពណ៌ប្តូរពីប្រផេះទៅខ្មៅនៅលើខ្នង និងចំហៀងសង្ខាង ហើយមានពណ៌ប្រផេះស្រាលលាយពណ៌សនៅផ្នែកខាងក្រោម។ ត្រីនេះច្រើនងើបឡើងមកលើផ្ទៃទឹក ដើម្បីដកដង្ហើមដោយមិនបង្ហាញឲ្យឃើញខ្លួនទាំងមូលឡើយ។ ចំណីអាហាររបស់វារួមមាន បង្គា មឹក ត្រីជាដើម៕