Img 1426
Swift cc time

រៀន៧ប្រទេស រួចបន្តអនុបណ្ឌិត នៅHarvard! កញ្ញា សូត្រ ឧត្តមចរិយា នឹងនាំបច្ចេកវិទ្យាមកជួយយុវជនខ្មែរជំនាន់ក្រោយ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មុននឹងបន្តថ្នាក់អនុបណ្ឌិតផ្នែកអប់រំ នៅសាកលវិទ្យាល័យលំដាប់ពិភពលោក Havard University កញ្ញា សូត្រ ឧត្តមចរិយា ធ្លាប់បានអាហារូបករណ៍ពី Minerva University នៅអាម៉េរិក ដែលបានសិក្សានៅប្រទេសចំនួន៧ផ្សេងគ្នា ក្នុងអំឡុងពេលចាប់យកបរិញ្ញាបត្រជំនាញសេដ្ឋកិច្ច និងអាជីវកម្ម ក្នុងរយៈពេល៤ឆ្នាំ រួមមាន អាម៉េរិក អង់គ្លេស អាហ្សង់ទីន ឥណ្ឌា តៃវ៉ាន់ អាឡឺម៉ង់ និង កូរ៉េ។ លើសពីការសិក្សា កញ្ញាមានឱកាសបានចូលរួមធ្វើកិច្ចការជាមួយនឹងស្ថាប័នបច្ចេកវិទ្យាអន្តរជាតិធំៗ រួមមាន MIT App Inventor, Logitech, Technovation, និងអង្គការផ្សេងៗទៀត។ បទពិសោធន៍ទាំងនេះ បានជំរុញឱ្យកញ្ញាកាន់តែចង់ចាប់យកជំនាញអប់រំ ដើម្បីបង្កើនសមត្ថភាពផ្សារភ្ជាប់បច្ចេកវិទ្យា និងការអប់រំ សម្រាប់យុវជនជំនាន់ក្រោយឱ្យកាន់តែសម្បូរបែប។

កញ្ញា សូត្រ ឧត្តមចរិយា ជានិស្សិតខ្មែរមួយរូប ដែលនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យលំដាប់ពិភពលោក Havard University នៅចុងឆ្នាំ២០២៦នេះ។ មុននឹងទទួលបានអាហារូបករណ៍លំដាប់ពិភពលោកក្នុងការសិក្សាថ្នាក់ឧត្តមសិក្សានេះ កញ្ញា ចរិយា ជាយុវតីមួយរូបដែលមានចិត្តស្រលាញ់ចូលចិត្តវិស័យបច្ចេកវិទ្យាតាំងពីនៅថ្នាក់វិទ្យាល័យ ដោយបានចូលរួមកម្មវិធីប្រកួតនានាជាច្រើន រួមមាន Technovation Cambodia និងកម្មវិធីផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេសនានា រួមមាន Asia Kakehashi Project, EACAT, និង កម្មវិធីផ្សេងៗនៅអង្គការសហប្រជាជាតិ។

កញ្ញាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អំឡុងពេលសិក្សានៅប្រទេសទាំង៧ ក្នុងថ្នាក់បរិញ្ញាបត្រនេះ កញ្ញាមិនត្រឹមតែសិក្សានៅក្នុងថ្នាក់តែប៉ុណ្ណោះទេ តែកញ្ញាបានទទួលឱកាសក្នុងការហាត់ការ និងធ្វើការជាមួយនឹងស្ថាប័នអន្តរជាតិក្នុងប្រទេសនីមួយៗដែលកញ្ញាបានសិក្សា ដែលក្នុងនោះ កញ្ញាបានដឹកនាំកម្មវិធី និងគម្រោងជាច្រើន ចូលរួមលើកកម្ពស់សមត្ថភាពយុវជនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហាណាមួយដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់ពួកគេ។

ក្នុងនាមជាយុវតីខ្មែរ ដែលរៀបចំកម្មវីធីនានានៅក្រៅប្រទេស ចរិយា ត្រូវបានអន្តរជាតិលើកសរសើរនូវភាពអង់អាចក្លាហាន និងឆន្ទៈក្នុងការបង្កើតផលវិជ្ជមាន សម្រាប់កុមារ និងយុវជនជំនាន់ក្រោយ។ ក្នុងចំណោមកម្មវិធីទាំងអស់ កម្មវិធីដែលកញ្ញាបានដឹកនាំ ហើយមានមោទនភាពជាងគេ គឺ World Scholar Cup Seoul នៅឆ្នាំ 2022 ក្នុងប្រទេសកូរ៉េ ដោយសារតែ ខណៈគ្រប់គ្រងបានលើកសរសើរថា វាជាលើកទី១ ដែលបានឃើញយុវតីវ័យក្មេងមួយរូបមកពីកម្ពុជា ក្លាហានក្នុងការរៀបចំកម្មវីធីដ៏ធំមួយនៅក្នុងសាលារបស់ខ្លួន។

កញ្ញា បានលើកឡើងថា ភាពជោគជ័យក្នុងការសិក្សាទាំងនេះ កើតឡើងដោយសារតែកញ្ញាតែងផ្តល់ឱកាសឱ្យខ្លួនឯងសាកល្បង ទោះជាមានភាពភ័យខ្លាចយ៉ាងណាក៏ដោយ ព្រោះថាកញ្ញាជឿជាក់ថា នៅពេលដែលកញ្ញាកាន់តែសាកល្បងកញ្ញានឹងរៀនបានកាន់តែច្រើន និងប្រមូលបទពិសោធន៍បញ្ចូលគ្នា ដើម្បីអាចសម្រេចបាននូវគោលដៅធំដែលខ្លួនចង់បានក្នុងក្តីស្រមៃ។

ទស្សនាបទសម្ភាសពេញតាមរយៈវីដេអូខាងក្រោម៖



Khcct banner

អត្ថបទទាក់ទង