គូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីនឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូតឱ្យនៅសល់ត្រឹម ២,១០ រីងហ្គីត (ប្រហែល ២០០០ រៀល) ក្នុងមួយលីត្រចាប់ពីខែកក្កដាខាងមុខនេះតទៅនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការលួចរត់ពន្ធប្រេង និងការពារការបាត់បង់ថវិកាជាតិ ដែលបង្កឡើងដោយសារតែគម្លាតតម្លៃប្រេងខុសគ្នាច្រើនពេករវាងតំបន់ឧបទ្វីប(ម៉ាឡេខាងលិច) និងតំបន់ភាគខាងកើត។
យោងតាមការចេញផ្សាយរបស់កាសែត CNA ប្រេងម៉ាស៊ូតម៉ាឡេស៊ី ត្រូវបានលក់ក្នុងតម្លៃឧបត្ថម្ភធន(Subsidied price) ២,១៥ រីងហ្គីត(២០០០រៀល)ក្នុងមួយលីត្រ នៅក្នុងរដ្ឋភាគខាងកើតគឺ សាបា (Sabah) និងសារ៉ាវ៉ាក់ (Sarawak) បើធៀបនឹងតម្លៃរហូតដល់ ៤,៣៧ រីងហ្គីត(៤០០០រៀល) នៅតំបន់ឧបទ្វីបម៉ាឡេស៊ី (Peninsular Malaysia)។ នេះមានន័យថា ក្រោមគោលនយោបាយថ្មីនេះ អ្នកបើកបរនឹងត្រូវបង់ថ្លៃប្រេងតិចជាងពាក់កណ្តាលនៃអត្រាបច្ចុប្បន្ននៅតំបន់ឧបទ្វីប។
តាមប្រភពដដែល គោលនយោបាយបញ្ចុះតម្លៃនេះ កំពុងដាក់សម្ពាធខ្លាំងលើកញ្ចប់ថវិកាជាតិ ដោយសារវិក្កយបត្រជួយចេញប្រេងឥន្ធនៈរបស់រដ្ឋាភិបាលត្រូវបានព្យាករថានឹងកើនឡើងជាង ៤ដង រហូតដល់ ៣,២ ពាន់លានរីងហ្គីត(៧៧២លានដុល្លារ)ក្នុងមួយខែ ចំពេលតម្លៃប្រេងសកលកំពុងហក់ឡើងដោយសារឥទ្ធិពលនៃសង្គ្រាមនៅអ៊ីរ៉ង់។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ក្រុមហ៊ុនថាមពលជាតិ Petronas បានចុះកិច្ចព្រមព្រៀងថ្មីនៅតួកម៉េនីស្ថាន ដើម្បីទទួលបានប្រភពបម្រុងឧស្ម័នធំបំផុតមួយលើលោក ព្រមទាំងទទួលបានការធានាពីប្រទេសរុស្ស៊ីលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេង និងឧស្ម័នរយៈពេលវែងយ៉ាងហោចណាស់ ២០ ឆ្នាំ៕