តេហេរ៉ង់៖ ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានគូសបញ្ជាក់ថាច្រកសមុទ្រ ហ័រមូស ត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រង់របស់ទីក្រុងតេអេរ៉ង់ ការលើកឡើងរបស់លោក Ghalibaf ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជំរុញឱ្យបញ្ចប់សង្គ្រាមអាម៉េរិក និងអ៊ីស្រាអែលលើសាធារណរដ្ឋអ៊ីស្លាមបានបិទបញ្ចប់នៅក្នុងជុំទី ១ កាលពីថ្ងៃច័ន្ទក្នុងប្រទេសស្វីស។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះ។
ផ្អែកតាមវីដេអូដែលបានបង្ហោះទៅក្នុងគណនី Telegram របស់លោក Ghalibaf លោកបាននិយាយថា ការពិភាក្សានៅឯរមណីយដ្ឋានប្រណិតស្វីស Burgenstock បានបង្កើតសមិទ្ធផលល្អ ដោយដំណើរទៅចរចាលើកនេះមានសមិទ្ធិផលល្អ ជាពិសេសទាក់ទងនឹងការពិភាក្សាអំពីច្រកសមុទ្រ ការពិភាក្សាបញ្ហាលីបង់ ការលើកលែងប្រេង និងបញ្ហានៃការដោះលែងមូលនិធិដែលបង្កក។លោក Ghalibaf បញ្ជាក់ទៀតថាច្រកសមុទ្រ ហ័រមូសនឹងត្រូវគ្រប់គ្រងដោយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ស្របតាមច្បាប់អន្តរជាតិដែលធ្លាប់មានកន្លងមក។
គួរកត់សម្គាល់ថាអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីបង្កើតខ្សែទំនាក់ទំនង ដើម្បីរក្សាផ្លូវដឹកជញ្ជូនដ៏សំខាន់បើកចំហ និងបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ បន្ទាប់ពីកិច្ចចរចាជុំទីមួយរបស់ប្រទេសទាំងពីរបិទបញ្ចប់នៅក្នុងប្រទេសស្វីស ឆ្ពោះទៅរកការបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ សហរដ្ឋអាម៉េរិកបានផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មលើប្រេងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ បន្ទាប់ពីអនុប្រធានាធិបតី JD Vance បាននិយាយថាទីក្រុងតេអេរ៉ង់នឹងអនុញ្ញាតឱ្យអ្នកត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញបន្ទាប់ពីកិច្ចចរចា៕