បាងកក៖ បញ្ហាស្កេមនៅតែបន្តកើតឡើងក្នុងសង្គមថៃ ដោយថៃកំពុងក្លាយជាទីតាំងស្នាក់នៅ និងមជ្ឈមណ្ឌលបញ្ជាពីចម្ងាយដ៏សំខាន់សម្រាប់បណ្តាញ Online Scam មួយចំនួននៅអាស៊ីអាគ្នេយ៍។ក្នុងរយៈពេល ៩ខែចុងក្រោយ មានជនសង្ស័យបោកប្រាស់អនឡាញជិត ៣០,០០០នាក់ រួមទាំងមេខ្លោង ៧០នាក់ ត្រូវបានចាប់ខ្លួនដោយប៉ូលីសថៃ និងរឹបអូសទ្រព្យសម្បត្តិបានប្រមាណ ២៤ពាន់លានបាត (ជិត ៧០០លានដុល្លារ)។នេះបើតាមការចេញផ្សាយរបស់កាសែតBangkok Post។
ថ្លែងក្នុងសន្និសីទសារព័តមានកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានប្រកាសថា ករណីបោកប្រាស់នៅថៃបានធ្លាក់ចុះ ៦៩,២% និងបានបិទគណនីធនាគារជួល (Mule accounts) ជាង ៣៥ម៉ឺនគណនី ព្រមទាំងលេខទូរស័ព្ទបោកប្រាស់ជាង ៣០ម៉ឺនខ្សែ។
លោកបន្ថែមថា ថៃបានទទួលពលរដ្ឋខ្លួនជិត ២,០០០នាក់ត្រឡប់មកវិញ ដែលភាគច្រើនបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់នៅកម្ពុជានិងឡាវ ព្រមទាំងបានបណ្តេញជនបរទេសខុសច្បាប់ជាង ២,៦០០នាក់ចេញពីតំបន់សំបុកបោកប្រាស់តាមព្រំដែនមីយ៉ាន់ម៉ា។
លោកអនុទីន គូសបញ្ជាក់ថា ប៉ូលីសថៃបានចាត់វិធានការច្បាប់លើក្រុមហ៊ុនស្រមោល (Proxy) ចំនួន ១,៤៥០ក្រុមហ៊ុន ដែលប្រើឈ្មោះជនជាតិថៃបាំងមុខឱ្យជនបរទេសកាន់កាប់ដីធ្លី និងអាជីវកម្មខុសច្បាប់នៅក្នុងខេត្តទេសចរណ៍ភាគខាងត្បូង ដូចជា ភូកេត និងស៊ុរ៉ាតថានី ដោយដកហូតដីធ្លី និងសំណង់អគារត្រឡប់មកវិញគិតជាទឹកប្រាក់ជាង ១,៦ពាន់លានបាត ព្រមទាំងចេញដីកាចាប់ខ្លួនជនជាតិថៃ និងជនបរទេសជាច្រើនសញ្ជាតិជាបន្តបន្ទាប់៕