សានស៊ី៖ លោក កូ ស៊ាវពីង (Guo Xiaoping) បច្ចុប្បន្នមានវ័យ ៦៣ ឆ្នាំ គឺអតីតនាយកមន្ទីរពេទ្យជំងឺឆ្លង ក្នុងក្រុងលីនហ្វិន ខេត្តសានស៊ី ប្រទេសចិន។លោក បានសម្រេចចិត្តលះបង់តំណែងរបស់ខ្លួន ដើម្បីមកបង្កើត «សាលាបឋមសិក្សាបូខ្សែបូក្រហម» (Red Ribbon Primary School)សម្រាប់ផ្តល់ការអប់រំ និង ថែទាំកុមារផ្ទុកមេរោគអេដស៍ (HIV) តាំងពីកំណើត។
លោក កូ ស៊ាវពីង (Guo Xiaoping) បានកែច្នៃបន្ទប់អ្នកជំងឺមកជាថ្នាក់រៀនបណ្តោះអាសន្ន រហូតដល់ឆ្នាំ ២០០៦ ទើបបង្កើតជាសាលាផ្លូវការ។ទោះធ្លាប់រងការរិះគន់ថា ជាការរើសអើងដោយសារការបំបែកក្មេងៗឱ្យរៀនដាច់ដោយឡែក ប៉ុន្តែលោក កូ បានអះអាងថា នេះជាមធ្យោបាយតែមួយគត់ ដើម្បីការពារកុមារទាំងនោះពីពិភពខាងក្រៅដែលមិនទាន់ត្រៀមខ្លួនទទួលយកពួកគេ។
នៅឆ្នាំ ២០១១ រដ្ឋាភិបាលចិន បានចាប់ផ្តើមផ្តល់ថវិកាឧបត្ថម្ភ ហើយលោកក៏បានលាលែងពីតំណែងជានាយកមន្ទីរពេទ្យ ដើម្បីមកមើលថែសាលានេះពេញម៉ោង។នៅសាលានេះ គ្រូៗត្រូវត្រួតពិនិត្យការលេបថ្នាំប្រឆាំងមេរោគ (ARV) របស់សិស្សរាល់ថ្ងៃមិនឱ្យខានឡើយ។បច្ចុប្បន្នសិស្សទាំងអស់ មានកម្រិតមេរោគទាបបំផុតក្នុងឈាមរហូតដល់មិនអាចរកឃើញ (Undetectable) មិនអាចចម្លងទៅអ្នកដទៃបាន និង គ្មានកុមារណាម្នាក់ស្លាប់ឡើយ។
គិតត្រឹមឆ្នាំ ២០២៥ សាលានេះ បានមើលថែកុមារសរុប ១២៧ នាក់ មកពី ១៤ ខេត្ត ដោយក្នុងនោះមាន ៦៥ នាក់ បានបញ្ចប់ការសិក្សានិងមានការងារធ្វើ។ សិស្សខ្លះបានរៀបការ និង បង្កើតកូនដោយជោគជ័យដោយគ្មានផ្ទុកមេរោគអេដស៍ឡើយ តាមរយៈវិធានការបង្ការការចម្លងពីម្តាយទៅកូន៕