.jpg?1609729937)
ភ្នំពេញ៖ រយៈពេលពីរថ្ងៃនាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៩២១,៤០០ នាក់ ខណៈសន្តិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅធម្មតា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបចំនួន ៦៩៩,៧២៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៦៥៨ នាក់។
ឯកឧត្តម បានបន្តថានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២១,៦៧៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២១៩,៣១៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៣៦៣ នាក់។ ប្រសិនបើសរុបរយៈពេលពីរថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៩២១,៤០០ នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីឆ្លងឆ្នាំសកលរួចហើយ ប្រជាពលរដ្ឋមួយចំនួនបានចេញដើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ខណៈប្រជាពលរដ្ឋមួយចំនួនដែលបានចេញដើរកម្សាន្តនៅតាមបណ្តារាជធានី-ខេត្ត នាយប់ឆ្លងឆ្នាំ ក៏បានបន្តដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន ហើយចរន្តភ្ញៀវទេសចរនឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍។
គោលដៅទេសចរណ៍នានា ពិសេសនៅតាមរណីយដ្ឋានទេសចរណ៍បានខិតខំអនុវត្តនូវប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការកំណត់សមត្ថភាពផ្ទុកអតិបរមា ស្របតាមស្តង់ដាគម្លាតសុវត្ថិភាព (១.៥០ ម៉ែត្រ) ខណៈដែលកន្លែងខ្លះនៅមិនទាន់បានអនុវត្តឲ្យបានពេញលេញនៅឡើយ ពិសេសគោលដៅទេសចរណ៍ដែលមានលក្ខណៈបើកចំហរ និងការប្រមូលផ្តុំច្រើន ដូចជានៅមាត់សមុទ្រជាដើម។
ពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរឲ្យកត់សម្គាល់ទេសម្រាប់រយៈពេលពីរថ្ងៃកន្លងមកនេះ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់ក្រុមការងារចុះពិនិត្យ និងណែនាំភ្ញៀវទេសចរ និងអាជីវករក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជាដើម៕
.jpg?1609729965)
.jpg?1609729971)