Img 1426
Swift cc time

ខេត្តមួយចំនួនរបស់ចិន រងការវាយប្រហារដោយជំនន់ទឹកភ្លៀង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តមួយចំនួននៅភាគខាងត្បូង និងភាគខាងកើតប្រទេសចិន ចាប់តាំងពីថ្ងៃអាទិត្យ ដោយបណ្តាលឱ្យតំបន់ទីប្រជុំជនទំនាប និង ស្រែចម្ការរងការលិចលង់យ៉ាងខ្លាំង។

នៅក្នុងខេត្តអានហួយ (Anhui) និង ខេត្តជាំងស៊ូ (Jiangsu) អាជ្ញាធរ បានបើកទ្វារទឹក និង ដំណើរការម៉ាស៊ីនបូមទឹកក្នុងកម្លាំងខ្លាំង ដើម្បីបង្ការការខូចខាតផលដំណាំ។

នៅក្នុងខេត្តគួយចូវ (Guizhou) ភាគនិរតីនៃប្រទេសចិន ជំនន់ទឹកភ្លៀងយ៉ាងគំហុកបានលិចលង់ស្រុកលីភីង (Liping) និងស្រុកលីបូ (Libo)។ក្នុងនោះគ្រាន់តែនៅក្នុងស្រុកលីភីងតែមួយ មានប្រជាពលរដ្ឋជាង ៣,០០០ នាក់បានរងផលប៉ះពាល់។

ជាការឆ្លើយតប ក្រុមសង្គ្រោះចំនួន ៣៦ ក្រុម មានកម្លាំងសរុប ៦៧៧ នាក់ រួមមានកងពន្លត់អគ្គិភ័យ និងកងជីវពល កំពុងធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីកាយភក់ និងកម្ទេចកម្ទីចេញ។ គិតមកទល់ពេលនេះ ប្រជាពលរដ្ឋចំនួន ២,៣៨០ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និង ប្រព័ន្ធទំនាក់ទំនងកំពុងស្ថិតក្រោមការជួសជុលជាបន្ទាន់។

អាជ្ញាធរចិនក៏បានព្រមានថា តំបន់ស្វយ័តក្វាងស៊ី (Guangxi) ខេត្តគួយចូវ និងខេត្តហ៊ូណាន (Hunan) កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ឆាប់រហ័ស (Flash floods) និងគ្រោះបាក់ដី និង បានណែនាំឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។ មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំង នឹងបន្តអូសបន្លាយរហូតដល់ថ្ងៃពុធនេះ៕

Khcct banner

អត្ថបទទាក់ទង