Img 1426
Swift cc time

និស្សិតកម្ពុជា ១០៧ នាក់ ត្រូវបានជ្រើសរើសឱ្យ ប្រឡងប្រជែង ដើម្បីបានទៅសិក្សា «ជំនាញផ្កាយរណប និង លំហអាកាស» នៅក្រៅប្រទេស

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជនចំនួន ២៥០នាក់ បានដាក់ពាក្យប្រឡង ក្នុងនោះយុវជនចំនួន១០៧នាក់ ត្រូវបានជ្រើសរើសឱ្យប្រឡងប្រកួតប្រជែងបន្តលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ដើម្បីមានឱកាសបន្តទៅកាន់វគ្គសម្ភាសផ្ទាល់មាត់ នៃការជ្រើសរើសនិស្សិត សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស សិក្សានៅក្រៅប្រទេស។

បើតាមក្រសួងប្រៃសណីយ៍ បន្ទាប់ពីការប្រកាសជ្រើសរើស មានបេក្ខជនសរុបចំនួន ២៥០នាក់ បានដាក់ពាក្យដើម្បីសិក្សាជំនាញផ្កាយរណប និងលំហអាកាស។ ជាលទ្ធផល ក្រោយពីការពិនិត្យ និងវាយតម្លៃតាមលក្ខខណ្ឌកំណត់ គណៈកម្មការបានជ្រើសរើសបេក្ខជនចំនួន ១០៧នាក់ ឱ្យឆ្លងទៅកាន់ដំណាក់កាលប្រឡងប្រកួតប្រជែង ដែលនឹងត្រូវប្រឡងលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។

បន្ទាប់ពីនេះ យុវជនដែលជាប់នឹងត្រូវបន្តទៅកាន់ដំណាក់កាលសម្ភាសផ្ទាល់មាត់ជាមួយគណៈកម្មការ មុនពេលប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ។ ការប្រកួតប្រជែងនេះ នឹងជ្រើសរើសយកយុវជន២៥រូប ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស ទៅសិក្សានៅក្រៅប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ មេសា ក្រសួងប្រៃសណីយ៍ បានប្រកាសជ្រើសរើសឱ្យនិស្សិតសិក្សាជំនាញផ្កាយរណប និងលំហអាកាស ដោយនិស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន ការរ៉ាប់រងថ្លៃសិក្សា ១០០% ថ្លៃសំបុត្រយន្តហោះទៅមក ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក ថ្លៃធានារ៉ាប់រងសុខភាព។ ជាពិសេស និស្សិតនឹងអាចមានអាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា៕

Khcct banner

អត្ថបទទាក់ទង