Img 1426
Swift cc time

ថៃបិទសាលារៀនមួយកន្លែង ក្រោយគ្រាប់កាំភ្លើងប្លោងរបស់មីយ៉ាន់ម៉ាធ្លាក់ចូល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

តាក៖ សាលារៀនមួយកន្លែងស្ថិតនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ត្រូវបានផ្អាកការសិក្សាជាបណ្តោះអាសន្ន ដោយសារតែការព្រួយបារម្ភពីការផ្ទុះអាវុធជាថ្មីអាចនឹងកើតឡើងរវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងផ្ដាច់ខ្លួន។ការសម្រេចផ្អាកនេះធ្វើឡើង បន្ទាប់ពីមានការរាយការណ៍ថា គ្រាប់កាំភ្លើងប្លោងជាច្រើនគ្រាប់ បានធ្លាក់ចូលមកក្នុងទឹកដីថៃក្បែរសាលារៀន។ នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។

អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោកស្រី Nuchrawee Jamjamrat បានឱ្យដឹងថា កងកម្លាំងពិសេសថៃ កំពុងតាមដានស្ថានភាពយ៉ាងដិតដល់នៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសថៃ បន្ទាប់ពីមានការបិទទ្វារជាបណ្តោះអាសន្ននៃសាលាបឋមសិក្សា Ban Mae Kon Ken ក្នុងស្រុក Mae Sot ខេត្តតាក (Tak)។

យោងតាមប្រភពពីខាងកងទ័ពថៃបានឱ្យដឹងថា កងកម្លាំងយោធាមីយ៉ាន់ម៉ាបាននិងកំពុងពង្រាយកម្លាំងបន្ថែមនៅក្នុងភូមិ Min Let Pan និងភូមិ Phalu ក្នុងក្រុង Myawaddy ដែលស្ថិតនៅចំពីមុខភូមិ Huai Maha Wong ខេត្តតាក របស់ថៃ។ ភាគីយោធាថៃជឿជាក់ថា ទាហានមីយ៉ាន់ម៉ាអាចនឹងកំពុងរៀបចំប្រតិបត្តិការវាយលុកប្រឆាំងនឹងកងកម្លាំងតស៊ូប្រឆាំងនៅក្នុងតំបន់នោះ។

កងទ័ពជើងគោកថៃបានបញ្ជាក់ថា កងកម្លាំងពិសេសថៃ បានដាក់ពង្រាយកម្លាំងទ័ព និងឧបករណ៍សម្ភារៈក្នុងស្ថានភាពត្រៀមលក្ខណៈជាស្រេច ដើម្បីការពារប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគេនៅតាមបណ្តោយព្រំដែន។

អាជ្ញាធរថៃ បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្បែរព្រំដែន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានព័ត៌មានបច្ចុប្បន្នភាពពីរដ្ឋាភិបាលថៃ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ឬអ្នកដែលបានមើលឃើញពីសកម្មភាពសង្ស័យណាមួយ ឱ្យរាយការណ៍ទៅកាន់អាជ្ញាធរសន្តិសុខមូលដ្ឋានថៃ៕

Khcct banner

អត្ថបទទាក់ទង