សេអ៊ូល៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃ ច័ន្ទ នេះបានកាត់ទោសអតីតរដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូងម្នាក់ ឲ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ ពីបទដើរតួក្នុងការប្រកាសច្បាប់អាជ្ញាសឹកដ៏ខ្លី និងមហន្តរាយដល់ប្រទេសក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ុន ស៊ុកយ៉ុល កាលពីចុងឆ្នាំ ២០២៤។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថាតុលាការស្រុកកណ្តាលសេអ៊ូលថា លោក Park Sung-jae ត្រូវបានរកឃើញថាមានទោសពីបទពាក់ព័ន្ធនឹងការបះបោរ និងត្រូវផ្ដន្ទាជាប់ពន្ធនាគារ ២៥ឆ្នាំ ។
យោងតាមរដ្ឋអាជ្ញារបស់កូរ៉េខាងត្បូង លោក Park Sung-jae ធ្លាប់បានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីក្រសួងយុត្តិធម៌នៅដើមម៉ោងដំបូងនៃច្បាប់អាជ្ញាសឹក ហើយបានពិនិត្យមើលចំនួននៃពន្ធនាគារ ប្រសិនបើអាជ្ញាធរចាប់ខ្លួនក្រុមអ្នកប្រឆាំងរដ្ឋាភិបាលគ្រប់អាចដាក់បានច្រើនចំនួនរឺអត់។ តុលាការបានចោទថាក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកបានណែនាំឲ្យសហការជាមួយបញ្ជាការច្បាប់អាជ្ញាសឹក និងបានដាក់ក្រឹត្យមួយចូលប្រសិទ្ធភាពភ្លាមៗ។
គួររម្លឹកថាសេចក្តីប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ ២០២៤ របស់លោក យ៉ុន ស៊ុកយ៉ុល មានរយៈពេលត្រឹមតែប្រាំមួយម៉ោងប៉ុណ្ណោះ ភ្លាមៗសមាជិកសភាបានប្រញាប់ប្រញាល់ទៅកាន់អគារសភា ហើយបានបោះឆ្នោតបដិសេធច្បាប់ទាំងស្រុងនៅក្នុងសម័យប្រជុំបន្ទាន់។ ចាប់តាំងពីពេលនោះមក លោកត្រូវបានកាត់ទោសពីបទដឹកនាំការបះបោរ ហើយកំពុងជាប់ឃុំឃាំង លោក Yoon ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣០ ឆ្នាំកាលពីដើមខែនេះ ពីបទបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់កូរ៉េខាងជើង ដើម្បី "បង្កើតវិបត្តិជាតិ" ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃច្បាប់អាជ្ញាសឹករបស់លោក។ក្រៅពីលោកក៏មានអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo កំពុងជាប់ពន្ធនាគារ ១៥ ឆ្នាំ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Lee Sang-min ជាប់ពន្ធនាគារ ៩ ឆ្នាំ៕