Img 1426
Swift cc time

បាញ់រះក្នុងសាលារៀនមួយ នៅហ្វីលីពីនសម្លាប់មនុស្ស ៣នាក់ និងរបួស ៥នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ មនុស្សយ៉ាងហោចណាស់ ៣នាក់បានបាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៩ព្រឹក ថ្ងៃចន្ទនេះ នៅវិទ្យាល័យជាតិសានហូសេ (San Jose National High School) ស្ថិតក្នុងទីក្រុងតាកឡូប៊ែន (Tacloban City) ប្រទេសហ្វីលីពីន។នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន Philstar។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ូលិសក្នុងតំបន់ បានចុះអន្តរាគមន៍គ្រប់គ្រងទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចហ្វីលីពីនកំពុងពង្រាយកម្លាំងបន្ថែមដើម្បីបើកប្រតិបត្តិការតាមប្រមាញ់ជនល្មើសដែលនៅសេសសល់។

ជុំវិញសោកនាដកម្មនេះ អាជ្ញាធរក្រុងតាកឡូប៊ែនបានប្រកាសផ្អាកការសិក្សានៅសាលាចំនួនបីក្នុងតំបន់នោះជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពសិស្សានុសិស្ស និងសាធារណជន។ ចំណែក ក្រសួងអប់រំហ្វីលីពីនបានចេញមុខថ្កោលទោសចំពោះអំពើហិង្សានេះយ៉ាងដាច់អហង្ការ រួមទាំងបានបញ្ជូនក្រុមការងារវេជ្ជសាស្ត្រ និងក្រុមប្រឹក្សាផ្លូវចិត្តចុះទៅជួយសម្រាលស្មារតីដល់សិស្សានុសិស្ស ព្រមទាំងបុគ្គលិកសាលាដែលរងផលប៉ះពាល់ផ្លូវចិត្តពីព្រឹត្តិការណ៍នេះ។

នាពេលនេះ អាជ្ញាធរប៉ូលិសក្នុងតំបន់ កំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយមិនទាន់បញ្ចេញអត្តសញ្ញាណជនរងគ្រោះ ឬជនសង្ស័យនៅឡើយទេ ព្រមទាំងបានអំពាវនាវដល់សាធារណជនឱ្យរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងការចែកចាយព័ត៌មានចចាមអារ៉ាមដែលមិនទាន់មានការផ្ទៀងផ្ទាត់ច្បាស់លាស់៕

Khcct banner

អត្ថបទទាក់ទង