ភ្នំពេញ៖ បណ្ដាញយុវជនអន្តរកាលថាមពល (CETYN) រួមគ្នារៀបចំ «វេទិកាយុវជនថាមពលស្អាត ២០២៦ (Clean Energy Youth Forum 2026)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ មិថុនា ២០២៦ ក្នុងគោលបំណងជំរុញយុវជនឱ្យក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យថាមពលស្អាតនាពេលអនាគត ។ វេទិកានេះរៀបចំឡើងសម្រាប់សិស្ស និស្សិតកំពុងបន្តការសិក្សា និស្សិតទើបបញ្ចប់ការសិក្សា អ្នកជំនាញវ័យក្មេង និងសាធារណជនដែលចាប់អារម្មណ៍ពីអនាគតវិស័យថាមពលរបស់កម្ពុជា។
«វេទិកាយុវជនថាមពលស្អាត ២០២៦» ជាលទ្ធផលផ្លែផ្កានៃកម្មវិធី «យុវទូតថាមពលស្អាត» លើកដំបូង បន្ទាប់ពីយុវជនកម្ពុជាឆ្នើមចំនួន ១៦ រូប បានឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង និង ការបណ្តុះបណ្តាលយ៉ាងស្វិតស្វាញរយៈពេល ៣ សប្តាហ៍កន្លងមក។ ក្នុងអំឡុងពេលនោះ ពួកគេបានរួមគ្នាគូសផែនទីវិបត្តិអាកាសធាតុ ឈ្វែងយល់ពីតថភាពនៃវិស័យថាមពលនៅកម្ពុជា និងការធ្វើអន្តរកាលថាមពលប្រកបដោយយុត្តិធម៌ និងប្រធានបទថាមពលស្អាតផ្សេងៗទៀត។ លើសពីនេះ ក្រុមយុវទូតក៏បានចុះទស្សនកិច្ចសិក្សាផ្ទាល់នៅទីតាំងដែលមានប្រើប្រាស់ប្រព័ន្ធថាមពលស្អាត ក្នុងគោលបំណងទទួលបានព័ត៌មានកាន់តែស៊ីជម្រៅអំពីអត្ថប្រយោជន៍របស់វា និងចំណាយពេលជាច្រើនសប្តាហ៍ធ្វើការងារជាក្រុម ដើម្បីកំណត់បាននូវបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយ ឆ្លើយតប។
នៅថ្ងៃទី ២៧ ខាងមុខនេះ យុវជននឹងមិនមែនត្រឹមតែជាអ្នកអង្គុយស្តាប់នោះទេ ប៉ុន្តែពួកគេនឹងឡើងមកធ្វើជាអ្នកដឹកនាំកម្មវិធី ដោយមានរបៀបវារៈសំខាន់ៗដូចជា សុន្ទរកថាគន្លឹះ៖ ស្តីពីការពង្រឹងសមត្ថភាពមនុស្សជំនាន់ក្រោយសម្រាប់អន្តរកាលថាមពលស្អាតនៅកម្ពុជា។ ក្រៅពីសុន្ទរកថា ក៏មានការធ្វើបទបង្ហាញពីគម្រោងដែលយុវទូតបានអភិវឌ្ឍជាក្រុម តាមរយៈការបណ្តុះបណ្តាល និងការណែនាំយ៉ាងយកចិត្តទុកដាក់ និងការបង្ហាញផ្លូវពីអ្នកជំនាញនៅក្នុងវិស័យផ្ទាល់ ការចែករំលែកពីក្រុមហ៊ុនថាមពលស្អាតឈានមុខអំពីទិសដៅអនាគតនៃវិស័យនេះ និងឱកាសការងារសម្រាប់យុវជន។
យុវជនទាំង១៦រូប រួមមានអ្នកដែលកំពុងតែធ្វើការ និងភាគច្រើនជានិស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នា រួមមាន ITC, RUPP, Paragon, CamTech, AUPP, NUM, RULE, IES, TSIPWT។ ជំនាញដែលនិស្សិតកំពុងសិក្សារួមមានវិស្ចកម្ម សេដ្ឋកិច្ច បញ្ញាសិប្បនិម្មិត ទំនាក់ទំនងអន្តរជាតិ ច្បាប់ ស្ថាបត្យកម្ម អាជីវកម្ម និងប្រវត្តិសាស្រ្តជាដើម។
កម្មវិធីនេះក៏មានរួមបញ្ចូលនូវកិច្ចពិភាក្សាដេញដោលចំនួន ២ ប្រធានបទ៖ ផ្តោតលើ «ផ្លូវអាជីពក្នុងវិស័យថាមពលស្អាត» និង «បញ្ហាប្រឈមក្នុងការកសាងកម្លាំងពលកម្មនាពេលអនាគត» ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នសិក្សា ដៃគូអភិវឌ្ឍន៍ និងតំណាងយុវជន។
វេទិកានេះបើកចំហជាសាធារណៈសម្រាប់សិស្ស និស្សិតកំពុងបន្តការសិក្សា និស្សិតទើបបញ្ចប់ការសិក្សា អ្នកជំនាញវ័យក្មេង និងសាធារណជនដែលចាប់អារម្មណ៍ពីអនាគតវិស័យថាមពលរបស់កម្ពុជា ដោយមិនតម្រូវឱ្យមានប្រវត្តិសិក្សាផ្នែកវិស្វកម្មនោះឡើយ ពោលគឺឱ្យតែមានបំណងចង់ឈ្វេងយល់បន្ថែមពីវិស័យថាមពលស្អាត។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៦:០០ ល្ងាច នៅទីតាំង Factory ភ្នំពេញ (Factory Phnom Penh)។ អ្នកដែលមានបំណងចូលរួម អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ (https://shorturl.at/d2hSW) ដែលការចុះឈ្មោះនឹងត្រូវបិទត្រឹមម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃទី២៥ មិថុនា ២០២៦៕