Img 1426
Swift cc time

មេស្កេមអនឡាញ«ជនជាតិបារាំង»ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ មេស្កេមអនឡាញដែលមានសញ្ជាតិបារាំងដែលគេនិយមស្គាល់ឈ្មោះថា "Mr. Dogan" ត្រូវបានចាប់ខ្លួននៅវីឡា មួយកន្លែង ក្នុងស្រុក Cha-am នៃប្រទេសថៃ។ កម្លាំងនគរបាលអន្តោប្រវេសន៍ថៃបានអះអាងថាជនសង្ស័យរូបនេះ ស្ថិតនៅក្នុងបញ្ជីដីកាក្រហមរបស់ប៉ូលិសអន្តរជាតិ (Interpol) តាមដីកាចាប់ខ្លួនដែលចេញដោយប្រទេសបារាំង និងតួកគី ពីបទសង្ស័យថាជាសមាជិកស្នូលនៃក្រុមបោកប្រាស់តាមប្រព័ន្ធ (Ponzi scheme) ដែលមានមូលដ្ឋាននៅអារ៉ាប់រួម (UAE) ធ្លាប់បោកប្រាស់បានក្នុងទំហំទឹកប្រាកប្រមាណជាង ២១៧ លានដុល្លារអាម៉េរិក។

យោងតាមកាសែត Bangkok Post បានរាយការណ៍ថាម្លាំងនគរបាលអន្តោប្រវេសន៍ថៃ កាលពីថ្ងៃ២០មិថុនា បានធ្វើការចាប់ខ្លួនបុរសជនជាតិបារាំងអាយុ ៣៨ ឆ្នាំម្នាក់ នៅក្នុងខេត្ត Phetchaburi ពីបទពាក់ព័ន្ធនឹងគម្រោងបោកប្រាស់ផុនហ្សី (Ponzi Scheme) ដែលបានបង្កការខូចខាតដល់ជនរងគ្រោះនៅអឺរ៉ុបជិត ៩០០ នាក់ សរុបជាទឹកប្រាក់ប្រមាណ ២០០ លានអឺរ៉ូ (ប្រហែល ៧,៥ ប៊ីលានបាត ឬជាង ២១៧ លានដុល្លារអាម៉េរិក)។

តាមការស៊ើបអង្កេត ក្រុមជនល្មើសមានសមាជិក ៥ នាក់ បានបង្កើត "ក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល" មួយកាលពីឆ្នាំ ២០២២ ដោយអះអាងថាមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនហិរញ្ញវត្ថុធំៗនៅឌូបៃ។ ពួកគេបានអូសទាញជនរងគ្រោះ ជាពិសេសជនជាតិទួកគីដែលរស់នៅក្នុងប្រទេសបារាំង បែលហ្ស៊ិក ស្វីស និងនូវែលសេឡង់ ឱ្យចូលរួមវិនិយោគចន្លោះពី ២០,០០០ ទៅ ៣០០,០០០ អឺរ៉ូក្នុងម្នាក់ ដោយសន្យាផ្តល់ផលចំណេញខ្ពស់រហូតដល់ ១៥ ភាគរយក្នុងមួយខែ ឬកើនឡើង ៥ ដងក្នុងមួយឆ្នាំ រួមទាំងប្រាក់រង្វាន់ ១០ ភាគរយសម្រាប់ការណែនាំសមាជិកថ្មី។ បច្ចុប្បន្ន ជនសង្ស័យកំពុងប្រឈមមុខនឹងនីតិវិធីធ្វើបត្យាប័នបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ។

គួររម្លឹកថាគម្រោងបោកប្រាស់ផុនហ្សី (Ponzi scheme) គឺជាល្បិចកលបោកប្រាស់វិនិយោគមួយប្រភេទ ដែលអ្នករៀបចំគម្រោងយកប្រាក់ប្រមូលបានពីអ្នកវិនិយោគថ្មីៗ ទៅបើកធ្វើជា «ប្រាក់ចំណេញ» ឱ្យអ្នកវិនិយោគមុនៗ។ អ្នកដំណើរការគម្រោងនេះបង្កើតរូបភាពបំភាន់ភ្នែកថាវាជាអាជីវកម្មស្របច្បាប់ និងរកប្រាក់ចំណេញបានពិតប្រាកដ ប៉ុន្តែគម្រោងនេះនឹងដួលរលំដោយជៀសមិនរួច នៅពេលលំហូរនៃអ្នកវិនិយោគថ្មីលែងមាន ហើយជនបោកប្រាស់លែងមានលទ្ធភាពបើកប្រាក់តាមការទាមទារដកប្រាក់វិញបាន៕

Khcct banner

អត្ថបទទាក់ទង