ឡាវ៖ ទឹកជំនន់បានវាយប្រហារខេត្តជាច្រើននៅទូទាំងប្រទេសឡាវក្នុងសប្តាហ៍នេះដោយបានបង្កាឲ្យមានការលិចលង់ផ្ទះសម្បែង ផ្លូវ ដីស្រែ និងហេដ្ឋារចនាសម្ព័ន្ធនានៅទូទាំងប្រទេសឡាវ អាជ្ញាធរឡាវបានប្រកាសនៅ រសៀល ថ្ងៃសុក្រនេះថា ខ្លួនកំពុងតែបន្តតាមដានយ៉ាងដិតដល់នូវកម្រិតទឹកទន្លេ និងព្រមានប្រជាជននៅតំបន់ជាច្រើនឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងការបាក់ដី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឡាវ នៅភាគខាងជើងប្រទេសឡាវ ប្រជាជននៅស្រុកឡុង ក្នុងខេត្តលួងណាំថា កំពុងប្រឈមមុខនឹងទឹកជំនន់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដល់ប្រជាជននៅតាមដងទន្លេចំនួនបី គឺទន្លេណាំសាន ក្នុងខេត្តបូលីខាំមឿង ទន្លេសេបាងហ្វៃ ក្នុងខេត្តខាំមឿង និងទន្លេណាំថា ក្នុងខេត្តលួងណាំថា ដោយជំរុញឱ្យពួកគេប្រុងប្រយ័ត្នរហូតដល់ថ្ងៃទី ៨ ខែសីហា។
អាជ្ញាធរបានណែនាំមន្ត្រីភូមិ និងភ្នាក់ងារពាក់ព័ន្ធឱ្យតាមដានកម្រិតទឹក រៀបចំផែនការជម្លៀសសម្រាប់ប្រជាជននៅតំបន់ងាយរងគ្រោះ និងសម្របសម្រួលការជួសជុលជាបន្ទាន់ចំពោះផ្លូវដែលខូចខាត ដើម្បីស្តារការចូលប្រើប្រាស់ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នាយកដ្ឋានឧតុនិយមឡាវ បានចេញការព្រមានមួយកាលពីថ្ងៃពុធថា ព្យុះផ្គររន្ទះអាចនឹងរីករាលដាល ភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់បក់ខ្លាំងម្តងម្កាល ត្រូវបានគេរំពឹងថានឹងបន្តកើតមាននៅក្នុងតំបន់មួយចំនួន។ នាយកដ្ឋាននេះបានកំណត់អត្តសញ្ញាណស្រុកចំនួន ៣០ នៅទូទាំងខេត្តចំនួន ១០ ថាមានហានិភ័យខ្ពស់នៃទឹកជំនន់ភ្លាមៗ និងការបាក់ដី៕