ហ្វីលីពីន៖ ហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់មួយបានកើតឡើងនៅវិទ្យាល័យ Banga National High School ក្នុងខេត្ត South Cotabato នៅរសៀលថ្ងៃសុក្រនេះ ដោយបានសម្លាប់មនុស្ស ៣នាក់ (សិស្ស ២នាក់ និងខ្មាន់កាំភ្លើងខ្លួនឯង) និងបង្កឱ្យ ៨នាក់ទៀតរងរបួស ក្នុងនោះ ៤នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ លោក Albert Palencia អភិបាលក្រុង Banga បានឱ្យដឹងថា ខ្មាន់កាំភ្លើងជាសិស្សប្រុសអាយុ ១៦ឆ្នាំ បានប្រាប់មិត្តភក្តិនៅពេលបាយថ្ងៃត្រង់ឱ្យត្រឡប់ទៅផ្ទះ ព្រោះគេរៀបនឹងអនុវត្ត «ផែនការ» របស់គេ ប៉ុន្តែត្រូវមិត្តភក្តិសើចចំអកដោយសារគិតថាគេនិយាយលេង។ លុះហូបបាយរួច គេក៏ស្រាប់តែដកកាំភ្លើងបាញ់ប្រហារលើសិស្សានុសិស្ស រួចបាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែងតែម្តង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ក្រសួងអប់រំ និងអាជ្ញាធរមូលដ្ឋានហ្វីលីពីន បានប្រកាសផ្អាកការសិក្សាទូទាំងឃុំភ្លាមៗ ខណៈកាកបាទក្រហមហ្វីលីពីនបានបញ្ជូនក្រុមសង្គ្រោះបន្ទាន់ទៅជួយអន្តរាគមន៍។ នេះជាករណីបាញ់ប្រហារនៅតាមសាលារៀនលើកទី៣ ហើយនៅហ្វីលីពីន គិតចាប់តាំងពីខែមិថុនាមក ដោយករណីមុនៗបណ្តាលមកពីទំនាស់រឿងការធ្វើបាប (Bullying) និងជម្លោះក្នុងសាលា។
ឆ្លើយតបនឹងវិបត្តិនេះ លោក Reynaldo Tamayo អភិបាលខេត្ត South Cotabato បានអំពាវនាវឱ្យអាណាព្យាបាលដែលមានអាវុធហត្ថទាំងអស់ រក្សាទុកអាវុធឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពបំផុត ដើម្បីធានាថាកុមារមិនអាចយកទៅប្រើប្រាស់បាន។ លោកបានគូសបញ្ជាក់ថា កម្លាំងសន្តិសុខសាលារៀនមិនអាចតាមដានសិស្សរាប់ពាន់នាក់បានដិតដល់នោះឡើយ ដូច្នេះចាំបាច់ត្រូវមានការចូលរួមពីអាណាព្យាបាល៕