Swift cc time

ថៃចាប់ខ្លួនមេខ្លោងឆបោកអនឡាញជនជាតិចិន ពាក់ព័ន្ធការលាងលុយជិត ២៩លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អាជ្ញាធរប៉ូលិសថៃ កាលពីថ្ងៃសៅរ៍ បានបើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនបុរសជនជាតិចិនអាយុ ៣១ឆ្នាំម្នាក់ ឈ្មោះ YU ដែលជាមេខ្លោងស្វែងរកចាប់ខ្លួនពីសំណាក់អាជ្ញាធរចិន ពាក់ព័ន្ធនឹងការប្រតិបត្តិការបណ្តាញល្បែងស៊ីសងអនឡាញ និងការលាងលុយឆ្លងដែនក្នុងទំហំទឹកប្រាក់រហូតដល់ជិត ២៩លានដុល្លារអាម៉េរិក (ជិត ១ពាន់លានបាត)។ប្រតិបត្តិការចាប់ខ្លួននេះ បានធ្វើឡើងនៅមុខបុរីមួយកន្លែង ស្ថិតក្នុងឃុំ Huai Yai ស្រុក Bang Lamung ខេត្ត Chonburi ដោយមានការសហការរវាងកម្លាំងប៉ូលិសថៃ អង្គភាពប្រឆាំងបទល្មើសឆ្លងដែន ផ្នែកអន្តោប្រវេសន៍ និងមជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោកតាមអនឡាញ (ACSC)។

យោងតាមការស៊ើបអង្កេត ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ថា បានបង្កើតបណ្តាញមួយឈ្មោះ «PAOFENG» តាំងពីឆ្នាំ២០១៨ ដើម្បីជួយផ្ទេរប្រាក់ និងលាងលុយឱ្យគេហទំព័រល្បែងស៊ីសងអនឡាញនៅក្រៅប្រទេស។ បណ្តាញនេះមានសមាជិកជាង ៦០នាក់ និងគ្រប់គ្រងគណនី Alipay ព្រមទាំង WeChat ជាង ៦,០០០គណនី សម្រាប់ទទួលប្រាក់ភ្នាល់ពីអ្នកលេង មុននឹងផ្ទេរបន្តទៅកាន់គេហទំព័រល្បែងនៅបរទេស។

ប៉ូលិសថៃបានឱ្យដឹងបន្ថែមថា បណ្តាញនេះក៏បានប្រមូល និងផ្ទេរប្រាក់តាមរយៈរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដើម្បីបិទបាំង និងធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការស្វែងរកប្រភព និងលំហូរថវិកា។ ទំហំទឹកប្រាក់ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ មានរហូតដល់ជិត ១ពាន់លានបាត(ប្រហែលជា ២៨ ទៅ ២៩ លានដុល្លារអាម៉េរិក)។

បនា្ទប់ពីទទួលបានតម្រុយ និងស្រាវជ្រាវរកឃើញទីតាំងលាក់ខ្លួនរបស់លោក YU នៅក្នុងខេត្ត Chonburi កម្លាំងសមត្ថកិច្ចថៃ បានឈានទៅដល់ការឃាត់ខ្លួនតែម្តង។ ក្នុងអំឡុងពេលសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបុគ្គលដែលអាជ្ញាធរចិនកំពុងតាមចាប់ខ្លួនប្រាកដមែន ហើយបានលួចចូលមកលាក់ខ្លួនក្នុងប្រទេសថៃ ដើម្បីគេចវេះពីសំណាញ់ច្បាប់។

បច្ចុប្បន្ន ប៉ូលិសថៃបានប្រគល់ជនសង្ស័យទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងរៀបចំបញ្ជូនខ្លួនត្រឡប់ទៅប្រទេសចិនវិញ៕

Khcct banner

អត្ថបទទាក់ទង