Khmer suport khmer cc time

ពូទីន បង្ហាញនាវាមុជទឹកនុយក្លេអ៊ែរថ្មី «Perm» បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon គ្រោងបន្ថែម ៥ គ្រឿងទៀតត្រឹមឆ្នាំ ២០៣០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមក្នុងពិធីលើកទង់ជាតិជាផ្លូវការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយឈ្មោះថា Perm នៅឯរោងចក្រផលិតនាវា Sevmash ក្នុងទីក្រុង Severodvinsk ភាគពាយ័ព្យប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយទីក្រុងមូស្គូអះអាងថា នេះគឺជានាវាមុជទឹកប្រភេទដំបូងគេដែលបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic) ប្រភេទ Zircon។

យោងតាមវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានប្រកាសថា រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតលើពិភពលោក ដែលមានសមត្ថភាពសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមានអានុភាព និងវិសាលភាពប្រតិបត្តិការទូទាំងសកលលោក។ លោកបានគូសបញ្ជាក់ថា នាវាមុជទឹកប្រភេទនេះគឺជាសសរស្តម្ភសំខាន់នៃយុទ្ធសាស្ត្ររារាំងដោយនុយក្លេអ៊ែររបស់រុស្ស៊ី ដោយសារសមត្ថភាពប្រតិបត្តិការសម្ងាត់ក្រោមបាតសមុទ្រ ដែលធានាដល់លទ្ធភាពវាយបកវិញប្រសិនបើមានការវាយប្រហារណាមួយកើតឡើង។

លោក ពូទីន ក៏បានបញ្ជាក់បន្ថែមថា វិមានក្រឹមឡាំងមានគម្រោងពង្រីកកងនាវាចររបស់ខ្លួន ដោយនឹងប្រគល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីចំនួន ៥ គ្រឿងបន្ថែមទៀតទៅឱ្យកងទ័ពជើងទឹកនៅត្រឹមឆ្នាំ ២០៣០ ដែលក្នុងនោះរួមមាននាវាមុជទឹកប្រភេទ Yasen-M ចំនួន ៣ គ្រឿងដូចទៅនឹងនាវា Perm ។ លោកបានអះអាងថា នាវាមុជទឹកទាំងនេះអាចប្រតិបត្តិការបាននៅគ្រប់មហាសមុទ្រជុំវិញពិភពលោក ហើយអាចផ្ទុកមីស៊ីល cruise ជាច្រើនប្រភេទ ហើយរុស្ស៊ីនឹងបន្តធ្វើទំនើបកម្មកងទ័ពជើងទឹកឱ្យបានពេញលេញ និងទាន់ពេលវេលាកំណត់៕


Khcct banner

អត្ថបទទាក់ទង