បាងកក៖ ប្រជាជនថៃកាន់តែច្រើនកំពុងបាត់បង់ការងារ ខណៈក្រុមយុវជនគឺជាអ្នកដែលជួបការលំបាកបំផុតក្នុងការស្វែងរកការងារធ្វើឡើងវិញ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ ប្រទេសថៃមានអ្នកអត់ការងារធ្វើសរុបប្រមាណ ៤៣០.០០០ នាក់ ដែលស្មើនឹងអត្រា ១,០២% ពោលគឺបានត្រឡប់ទៅរកកម្រិតខ្ពស់ដូចកាលពី ២ ឆ្នាំមុនវិញ។
កំណើននៃភាពអត់ការងារធ្វើនេះ ភាគច្រើនបណ្តាលមកពីអ្នកដែលបានបាត់បង់ ឬចាកចេញពីការងារមុន ដែលបានកើនឡើងដល់ ២៥០.០០០ នាក់ (កើនឡើងប្រហែល ២,១ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ដោយក្នុងនោះវិស័យផលិតកម្មមានការបាត់បង់ការងារខ្ពស់ជាងគេគឺចំនួន ៣៧.០០០ នាក់។ លើសពីនេះ មនុស្សប្រមាណ ៧៨.០០០ នាក់បានបាត់បង់ការងារ ដោយសារក្រុមហ៊ុនឬរោងចក្រត្រូវបានបិទទ្វារ ផុតកិច្ចសន្យាការងារ ឬត្រូវបានបញ្ឈប់ពីការងារ។
ក្នុងនោះភាពអត់ការងារធ្វើរយៈពេលយូរ (ចាប់ពី ១ ឆ្នាំឡើងទៅ) បានកើនឡើងដល់ទៅ ៤៥% ស្មើនឹងចំនួន ៩៣.០០០ នាក់ ហើយក្នុងនោះមានរហូតដល់ ៥១,៤% គឺជាក្រុមយុវជនដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ។ ក្រុមប្រឹក្សា NESDC បានព្រមានថា ការអត់ការងារធ្វើរយៈពេលយូរនៅដំណាក់កាលចាប់ផ្តើមអាជីព អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូល និងឱកាសការងាររបស់យុវជននាពេលអនាគត។
ទន្ទឹមនឹងវិបត្តិបាត់បង់ការងារ ប្រាក់ឈ្នួលជាមធ្យមនៅប្រទេសថៃក៏បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៥.៨១២ បាតក្នុងមួយខែ ហើយបន្ទាប់ពីគិតបញ្ចូលអត្រាអតិផរណា ២,៤៤% នោះ ប្រាក់ឈ្នួលជាក់ស្តែងបានធ្លាក់ចុះរហូតដល់ ៣,២៧%។ ក្នុងពេលជាមួយគ្នានេះ កម្មករ-និយោជិតប្រមាណ ៥,៣ លាននាក់ (ស្មើនឹង ១២,៦% នៃអ្នកមានការងារធ្វើសរុប) កំពុងធ្វើការងារលើសម៉ោងរហូតដល់ ៥៥ ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ ដែលជំរុញឱ្យ NESDC អំពាវនាវឱ្យមានការគោរពម៉ោងការងារតាមច្បាប់ និងស្នើឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បីទប់ស្កាត់បញ្ហាស្ត្រេស ជំងឺបាក់ទឹកចិត្ត និងការអស់កម្លាំងខ្លាំងដោយសារការងារ៕