បាងកក៖ ក្រុមហ៊ុន Thai President Foods ដែលជាអ្នកផលិតមីកញ្ចប់ម៉ាក Mama ដ៏ល្បីរបស់ប្រទេសថៃ បានសម្រេចចិត្តបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីដំណើរការអស់រយៈពេលជាង ២០ ឆ្នាំ ដោយសារភាពតានតឹងនៅតាមបណ្តោយព្រំដែន ការប្រឆាំងនឹងផលិតផលថៃ និងការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងឡើង។ កាសែតថៃខោស៊ត រាយការណ៍ថា ក្រុមហ៊ុនរំពឹងថា ការបាត់បង់អាជីវកម្មនៅកម្ពុជានេះ នឹងធ្វើឱ្យប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនថយចុះប្រមាណ ៣០ លានបាត ឬស្មើនឹងត្រឹម ១ ទៅ ២ ភាគរយ ប៉ុណ្ណោះ។
បើតាមលោក Phan Phaniengvet នាយកក្រុមហ៊ុន Thai President Foods បានឱ្យដឹងថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនជួបប្រទះឧបសគ្គជាបន្តបន្ទាប់ រួមមាន ការបិទច្រកព្រំដែន ការមិនពេញចិត្តរបស់អ្នកប្រើប្រាស់ចំពោះផលិតផលថៃ ការមិនទូទាត់វិក្កយបត្រ និងការលំបាកក្នុងការចែកចាយទំនិញ។លោកថាកាលពីមុន Mama ធ្លាប់គ្រប់គ្រងចំណែកទីផ្សារមីកញ្ចប់នៅកម្ពុជារហូតដល់ ៧០-៨០% ដោយនាំចេញពីថៃប្រមាណ ១០០ លានបាតក្នុងមួយខែ និងរកចំណូលពីរោងចក្រនៅកម្ពុជាបានប្រមាណ ១ ពាន់លានបាតក្នុងមួយឆ្នាំ ប៉ុន្តែការរំខានអូសបន្លាយបានបើកឱកាសឱ្យម៉ាកយីហោក្នុងស្រុក និងផលិតផលមកពីចិន វៀតណាម ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ដណ្តើមយកចំណែកទីផ្សារថៃជំនួសវិញ៕