វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ មានគម្រោងទៅទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ីជិនពីង នៅឯមូលដ្ឋានទ័ពអាកាសរួម Andrews (Joint Base Andrews) ដែលជាព្រលានយន្តហោះរបស់មូលដ្ឋានយោធានៅក្បែរទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពេលដែលលោកមកដល់នៅសប្តាហ៍ក្រោយ ដើម្បីបំពេញទស្សនកិច្ចនៅសេតវិមាន ដែលនេះជារឿងកម្រណាស់ដែលប្រធានាធិបតីអាម៉េរិកចេញទៅទទួលស្វាគមន៍មេដឹកនាំបរទេសដែលមកបំពេញទស្សនកិច្ចនៅឯព្រលានយន្តហោះដោយផ្ទាល់។
បើតាមមន្ត្រីជាន់ខ្ពស់អាម៉េរិកដែលបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ទៀតថានេះក៏នឹងរួមបញ្ចូលនូវពិធីទទួលស្វាគមន៍នៅខាងក្នុងសេតវិមាន ពិធីត្រួតពលយោធានៅឯសួនផ្កាកុលាប (Rose Garden) និងពិធីលៀងសាយភោជន៍ផ្លូវការនៅពេលល្ងាច។ក្នុងចំណោមភ្ញៀវដែលនឹងចូលរួមពិធីលៀងសាយភោជន៍នោះ នឹងមាននាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរូប រួមមានលោក Jeff Bezos មកពីក្រុមហ៊ុន Amazon, លោក Sundar Pichai មកពី Alphabet, លោក Sam Altman មកពី OpenAI, លោក Tim Cook មកពី Apple, លោក Elon Musk មកពី Tesla, លោក Jensen Huang មកពី Nvidia និងលោក Michael Dell មកពី Dell Technologies៕